ការតែងតាំង​អភិបាល អភិបាលរង​រាជធានី​-​ខេត្ត នៅ​ខែឧសភា មិន​ត្រូវមាន​វប្បធម៌​អន្តរាគមន៍​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ ដល់​សិស្ស មន្ត្រីជាន់ខ្ពស់​ជំនាន់​ស្ថិរភាព​សង្គម សិស្ស មន្ត្រី​ក្រមការ​ជំនាន់​សមធម៌​សង្គម និង​ប្រគល់​វិញ្ញាបនបត្រ ដល់​កម្មសិក្សាការី ឆ្នាំ​២០១១-២០១២ នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា វប្បធម៌​អន្តរាគមន៍ នៃ​ការចូល​កាន់តំណែង មិនត្រូវ ឲ្យ​កើតមាន​ទៀត​នោះទេ ហើយ​ប្រសិនបើ មាន​អ្នកណាម្នាក់​ហ៊ាន មក​សរសេរ​សំបុត្រ សុំ​តំណែង នឹង​កត់ចូល​ទៅក្នុង​បញ្ជីខ្មៅ​។​

         ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការតែងតាំង​អភិបាល អភិបាលរង​រាជធានី ខេត្ត នឹង​ប្រព្រឹត្តទៅ​នៅ​ខែឧសភា ខាងមុខនេះ ដោយ​សម្តេច បានប្រកាសថា បើ​នរណា​ហ៊ាន​សរសេរ សំបុត្រ​មក​អន្តរាគមន៍​ពីស​ម្តេច រឿង​សុំ​តំណែង​នេះ សម្តេច​នឹង​កត់​ចូលក្នុង​បញ្ជីខ្មៅ​។ សម្តេច​បន្តថា ការតែងតាំង តំណែង​ខាងមុខនេះ គឺត្រូវធ្វើ​ឡើង ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង និង​ក្រសួងមហាផ្ទៃ ហើយ​អាច​សុំ​យោបល់ ទៅ សម្តេច​បាន ពីព្រោះ​សម្តេច ជា​អ្នកចុះហត្ថលេខា​សម្រេច​ចុងក្រោយ​។​

         ​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ ឱ្យមាន​ការលុបបំបាត់​វប្បធម៌ "​កិ្ត​ច​ត្រួយ​" ផងដែរ ព្រោះ​វប្បធម៌​កិ្ត​ច​ត្រួយ គឺជា​ការ​កាច់​បំបាក់​បុគ្គល ដែលមាន​សមត្ថភាព​ពិតប្រាកដ ក្នុងការ​បំពេញភារកិច្ច​មួយ ដែល​បុគ្គល​មិន​អាងខ្នង សែ ដោយ​បុគ្គល ឬ​ក្រុម​បក្ខពួក​ណាមួយ​។ សម្តេច​បានលើកឡើង​ផងដែរ​ថា តំណែង​របស់​សម្តេច​ប​ច្ចុ​ប្បន្ន ដែលជា​នាយករដ្ឋមន្ត្រី និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន ដោយសារ​សែ​ណាមួយ​នោះទេ​។​

         ​ដោយ​សម្តេច​បានបញ្ជាក់​ថា "​ខ្ញុំ​ឈានឡើង ហើយ​នាំមុខ ប៉ុន្តែ​មិនមែន​ឯកោ​ទេ គឺមាន​អ្នកគាំទ្រ​ទៅជា​មួយ​។ ខ្ញុំ​មិនបាន ពឹង​លើ​សែ​នេះ សែ​នោះ ដើម្បី​ឡើង​ឋានៈ មកដល់​កន្លែង​នេះ​ទេ ហើយ​គណបក្ស​ប្រជាជន​ក៏​នៅតែ​ប្រើ​ខ្ញុំ ឱ្យ​ឈរ​ជា​បេក្ខជន នាយក​រដ្ឋ មន្ត្រី​ដែរ​"​។ សាធារណជន​បាន​គាំទ្រ​ចំណាត់ការ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ចាត់ទុក ជា​រឿង​ល្អ សម្រាប់​លើកទឹកចិត្ត អ្នកមាន​សមត្ថភាព ឱ្យបំពេញ​ការងារ ជូន​អង្គភាព​ឬ​ស្ថាប័ន​ណាមួយ​៕

08-m