នៅពេល​កិច្ចព្រមព្រៀង​ឈប់​បាញ់ ត្រូវ​បញ្ចប់​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ ជា​សញ្ញា​នៃ​ការផ្ទុះ​សង្គ្រាម​ដ៏​តានតឹង​ជាថ្មី​

, , Comment closed

         ​ឧបទ្វីប​កូរ៉េ ៖ អ្នកនាំពាក្យ​របស់ អគ្គមេបញ្ជាការ​កងទ័ព​កូរ៉េខាងជើង​បានប្រកាស​ថា កូរ៉េខាងជើង​មិន​ទទួលស្គាល់​កិច្ចព្រមព្រៀង ឈប់​បាញ់​ទៀត​ទេ បន្ទាប់ពី​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ជាន់ឈ្លី យ៉ាង​សាហាវព្រៃផ្សៃ​ទៅលើ“​កិច្ចព្រមព្រៀង​ឈប់​បាញ់​” ធ្វើឱ្យ​កិច្ចព្រមព្រៀង​នោះ​ក្លាយទៅជា​ក្រដាស​សំណល់​មិនអាច យកជាការបាន ពោលគឺ​ចាប់ពី​ថ្ងៃទី​១១​មីនា​នេះ​ទៅ កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​នឹងត្រូវ​បញ្ចប់​ដោយ ស្វ័យ​ប្រ​វ​ត្ដិ ។

         ​នៅពេលដែល​កូរ៉េខាងជើង​មិន​ស្ថិតនៅក្រោម សម្ពាធ​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ អាច​បើក​ការវាយប្រហារ​ទៅលើ​សត្រូវ​របស់ខ្លួន នៅពេលណា​ក៏បាន ។ កូរ៉េខាងជើង​នឹង​បញ្ចប់​គណៈកម្មការ​តំណាង​នៃ​ទំនាក់ទំនង​កូរ៉េ​ទាំង​២​និង កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​យោធា​តាម ប្រព័ន្ធ​ទូរស័ព្ទ​រវាង​កូរ៉េខាងជើង​នឹង​អាមេរិក ក៏​ដូច​កូរ៉េខាងត្បូង ។ ការប្រកាស​របស់​កូរ៉េខាងជើង​ពី​ការលុបចោល​កិច្ចព្រមព្រៀង​នោះ ចំពេល​ដែល ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បើក​កិច្ចប្រជុំ​ស្ដីពី​ការដាក់ទណ្ឌកម្ម ដល់​កូរ៉េខាងជើង ក្រោយ​ការសាកល្បង​គ្រាប់បែកបរមាណូ​លើក​ទី​៣ និង​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ចុងឆ្នាំ​២០១២ ។

         ​ក្រុម​អ្នកឯកទេស​ចាត់ទុកថា សកម្មភាព​ខាងលើ​របស់​កូរ៉េខាងជើង​ក្នុង​គោល ដៅ​ដាក់​សម្ពាធ​ដល់​អាមេរិក​និង​ជះឥទ្ធិពល ដល់​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​ត្រូវតែមាន​ការពិចារណា​ឱ្យ បាន​ល្អិតល្អន់​។ សេចក្ដីប្រកាស​របស់​កូរ៉េខាងជើង បាន​បញ្ជាក់ថា ដើម្បី​ទប់ទល់​នឹង​គោល នយោបាយ​របស់​អាមេរិក​-​កូរ៉េខាងត្បូង គឺ​កូរ៉េខាងជើង​បាន​ត្រៀមលក្ខណៈ​ទប់ទល់ វាយបក​ក្នុង​កម្រិត​ខ្ពស់ ហើយ​កាលៈទេសៈ​នេះ អាមេរិក​-​កូរ៉េខាងត្បូង មិនត្រូវ​មើលស្រាល​ដល់​ការ ព្រមាន​របស់​កូរ៉េខាងជើង​នោះឡើយ ។

         ​កម្លាំង​ទាហាន​កូរ៉េខាងជើង​រួម មាន ទាហានជើងទឹក ជើងគោក ជើង​អាកាស កម្លាំង​ការពារ​កងពល​កាំជ្រួច​មី​ស៊ី​ល កម្លាំង​ប្រជាកសិករ ប្រជាពលរដ្ឋ​កម្លាំង​យុវជន​ការពារ បាន​បំពេញបេសកកម្ម ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​បាន យ៉ាង​ល្អ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ វ័យក្មេង គីម ជុង​អ៊ុន ។ កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កូរ៉េខាងជើង​នឹង​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៧ កក្កដា ១៩៥៣ ហើយ​កន្លងមក កូរ៉េខាងជើង ក៏​ធ្លាប់មាន​សកម្មភាព គំរាម​លុបចោល​កិច្ចព្រមព្រៀង​ខាងលើនេះ​ជា​ញឹកញាប់​ផងដែរ​ផងដែរ ។

         ​សាស្ដ្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា ការប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់​របស់​កូរ៉េខាងជើង គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​ប្រទេស​នេះ នឹងមាន​សកម្ម​ភាពជា​បន្ដបន្ទាប់​ទៀត នៅ​ថ្ងៃទី​១១​មីនា ជា​ថ្ងៃ​ដែល​អាមេរិក​-​កូរ៉េ​ខាង ត្បូង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ហើយក៏​ជា​ថ្ងៃ​កិច្ច​ដែល ព្រមព្រៀង​ឈប់​បាញ់​អស់​សុពលភាព សម្រាប់​កូរ៉េខាងជើង ។ ការ​គំរាម​លុប ចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​នឹង ធ្វើឱ្យ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ខ្លាំង​ឡើង ឈានទៅរក​ដំណាក់កាល នៃ​ការផ្ទុះ​សង្គ្រាម​សាជាថ្មី​៕

08-m (2) 08-m (1)