គយ​ចល័ត​បង្ក្រាប​រថយន្ដ​ស៊េរី​ទំនើប​គេចពន្ធ​ចំនួន ៣​គ្រឿង​ពេល​កំពុង​ធ្វើចរាចរ​នៅ​ភ្នំពេញ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ កម្លាំង​គយ​ចល័ត របស់​នាយកដ្ឋាន​បង្កា​រ និង​បង្ក្រាប​បទល្មើស​បាន​ឃាត់​រថយន្ដ ស៊េរី​ទំនើប គេចពន្ធ​ចំនួន ៣ គ្រឿង ជា​បន្ដបន្ទាប់​ដែល បាន​នាំចូល​ដោយ​ខុសច្បាប់ និង​យកមកប្រើ​ប្រាស់នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រតិបត្តិការ​នេះ​ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ លោក កែវ សុខ​ឃាង ប្រធាន នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣​។​

         ​មន្ដ្រី​គយ​ចល័ត​បានឱ្យដឹង ថា​រថយន្ដ​ស៊េរី​ទំនើប​គេចពន្ធ​ចំនួន ៣​គ្រឿង ដែល​ត្រូវបាន​ចាប់​ជា​បន្ដបន្ទាប់ ហើយ​បើ គិត​ជាត​ម្លៃ​បង់ពន្ធ​ចូល​រដ្ឋ ប្រមាណ​ជា ៧៨៧ លាន​រៀល ។ រថយន្ដ​ស៊េរី​ទំនើប​គេចពន្ធ​ទាំង ៣​គ្រឿង​ខាងលើនេះ រួមមាន រថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៥៧០ ផលិត​ឆ្នាំ ២០១០ ចង្កូត​ឆ្វេង​ពណ៌​ទឹកមាស ចាប់បាន​នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ទី​២ រថយន្ដ ម៉ាក លុ​ច្ស​ស៊ី​ស ៥៧០ ផលិត​ឆ្នាំ ២០១១ ចង្កូត​ឆ្វេង​ពណ៌​ខ្មៅ ចាប់បាន​នៅតាម បណ្ដោយ​ផ្លូវ​ឧកញ៉ា​អ៊ិន ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ និង​ទី​៣ រថយន្ដ ម៉ាក​នីសា​ន់ ផលិត​ឆ្នាំ​២០០៣ ចង្កូត​ឆ្វេង ពណ៌​ទឹកប្រាក់ ចាប់បាន​នៅ​ចំណុច​ក្បែរ​វត្ដ​ភ្នំ ក្នុង​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ។​

         ​បច្ចុប្បន្ន រថយន្ដ​ស៊េរី​ទំនើប​គេចពន្ធ​ខាងលើនេះ ត្រូវបាន​យកទៅ​រក្សាទុក នៅ​ឃ្លាំង​របស់​នាយកដ្ឋាន​ប​ង្កា​រ និង​បង្ក្រាប​បទល្មើស ដើម្បីឱ្យ ម្ចាស់​រថយន្ដ​ចូលខ្លួន​បង់ពន្ធ និង​ពិន័យ​ទៅតាម​ផ្លូវច្បាប់ ។ រថយន្ដ​ស៊េរី​ទំនើប ទាំង ៣​គ្រឿង ដែល​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ខាងលើនេះ អាច​នាំ​ចូលមក​ធ្វើ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​បាន បានបង្ហាញ​ឱ្យ ឃើញថា ជា​កំហុស​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ នៅតាម​ព្រំដែន ដែល​បានអនុញ្ញាត​ឱ្យមាន ការ​លួច​នាំចូល​រថយន្ដ​គេចពន្ធ​ទាំងនេះ​យ៉ាង​អនាធិបតេយ្យ ៕

07-m (1) 07-m (2)