ប្រជាពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ភ័យខ្លាច​ពី​ជំងឺផ្តាសាយបក្សី នាំគ្នា​សម្រុក​ទៅ​ព្យាបាល​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ពេទ្យ​ជំនាញ​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​នៅ​ថ្ងៃទី ៦ ខែមីនា ឆ្នាំ​២០១៣ ថា ប្រជាពលរដ្ឋ​ដែល​សង្ស័យថា ខ្លួន​កើត​ជំងឺផ្តាសាយបក្សី (H5N1) ហើយ​សម្រុក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះមិនមែន​កើត​ជំងឺ​ប្រភេទ​នេះ​ទេ គ្រាន់តែ​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​។​

         ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ប្រមាណ ជាង​៤០​នាក់ បាន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី បន្ទាប់ពី​ពួកគេ​សង្ស័យថា មានការ​រាលដាល​ជំងឺផ្តាសាយបក្សី​។  ប្រជាពលរដ្ឋ​លើកឡើងថា មាន​ករណី​ស្រដៀងៗ​គ្នា​ជាច្រើន ដែល​ប្រជាពលរដ្ឋ​មាន​អាកា​រៈ​ក្អក ក្តៅខ្លួន ផ្តាសាយ និង​រងា​ញាក់​។ ប្រធាន​មន្ទីរពេទ្យ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក កែវ សុ​ភ័​ក្ត្រា មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ទាំងនោះ គ្រាន់​តែមាន​អាកា​រៈ​ក្អក ឈឺបំពង់ក ដែលជា​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​ទេ​។​

         ​ជំងឺផ្តាសាយបក្សី កំពុងតែ​គំរាម​ប្រទេស​កម្ពុជា ដែល​នៅ​ដើមឆ្នាំ​២០១៣​នេះ ជំងឺ​ផ្តាសាយ​នេះ បានសម្លាប់​ប្រជាពលរដ្ឋ​៨​នាក់ ក្នុងចំណោម​៩​ករណី​នៃ​ជំងឺ​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូល​សកម្មភាព​ទាំងឡាយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ រីក​រាលដាល​តាមរយៈ​ការរាយការណ៍​ទៅ​ភ្នាក់ងារ​សុខភាព ហើយ​តំបន់​ខ្លះ​ដែលមាន​ជំងឺផ្តាសាយបក្សី​រីក​រាលដាល នឹង​ឈានទៅដល់​ការសម្លាប់​សត្វ​មាន់​ទា ឬ​បញ្ឈប់​ការ​ចរាចរ​ជាដើម​៕

07-m (2) 07-m (1)