រាជធានីភ្នំពេញ ៖ បន្ទាប់ពីបរាជ័យចំណងស្នេហ៍គ្រាដំបូង និងទទួលបានការលួងចិត្តពីលោកឪពុកដោយការបើកសម្អាងការជាថ្នូរនោះ ពីមួយឆ្នាំទៅមួយឆ្នាំតារាសម្តែងរាងទាបទ្រនាប់ចង្កាស្រួចសម្បូរសាច់ថ្ពាល់កញ្ញា លី ច័ន្ទសីហា តែងតែអះអាងពីភាពជោគជ័យពីជំនួញហើយមានពេលខ្លះនាងក៏ឃ្លាតឆ្ងាយពីសិល្បៈដោយសារជំនួញនេះដែរ។
ស្រីរូបស្រស់ចង្កាស្រួចសម្បូរសាច់ថ្ពាល់កញ្ញាលី ច័ន្ទសីហា កាលពីចុងខែកុម្ភៈកន្លងទៅនេះត្រូវសាច់ញាតិស្និទ្ធស្នាលតែមួយគត់របស់នាងកាលពីប៉ុន្មានថ្ងៃមុននេះបានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០១៣នេះសីហាទើបតែឡើងទៅប្រទេសវៀតណាមដើម្បីទិញសម្ភារសម្អាងការមកពង្រឹងអាជីពសម្អាងការរបស់នាងបន្ថែមទៀត ខណៈឆ្នាំ២០១៣នេះក៏មានភ្ញៀវមកកក់រោងក៏ច្រើនគួរសមហើយដែរ»។ អ្នកជិតដិតតារាសម្តែងពូកែបង្ហូរទឹកភ្នែកតាំងពីវ័យក្មេងបានអះអាងឲ្យដឹងថា បន្ទាប់ពីសម្អាងការកូន សីហា បើកដំណើរការប៉ុន្មានឆ្នាំមកនោះនាងទទួលបានជោគជ័យគួរសមខណៈដែលសព្វថ្ងៃនេះមានអតិថិជននៅគ្រប់ខេត្តក្រុងមានការគាំទ្រនិងចូលចិត្តសម្អាងការនាង ហើយមានការទាក់ទងមកកក់ជាហូរហែដែរ មិនដែលដាច់បើសូម្បីក្នុងរដូវវស្សាក៏មានមួយៗដែរ។
បើទោះជាលោក សុខ ជុន ថ្លែងលើកពីមោទនភាពនៃសម្អាងការរបស់កូនស្រីយ៉ាងដូច្នេះក្តីប៉ុន្តែលោកមិនបានដឹងពីទូរលេខដែលកូនស្រីទទួលការកក់រោងសម្រាប់ឆ្នាំ២០១៣នេះទេ ដោយលោកបញ្ជាក់ថា៖«ដ្បិតថាខ្ញុំជាឪពុកនាងនិងតែងដើរតាមកូនមែនតែបើនិយាយពីរបរកូននោះខ្ញុំដូចជាមិនដែលបានសួរនាំកូនថាឆ្នាំនេះទទួលបានប៉ុន្មានរោងនោះទេ តែគ្រាន់តែដឹងថាឆ្នាំនេះនាងមានគម្រោងពង្រីករបរមួយនេះឲ្យធំជាងឆ្នាំមុនៗ»។
បើនិយាយពីទេពកោសល្យសម្តែងរបស់ កញ្ញា លី ច័ន្ទសីហា នាងមានបទពិសោធសិល្បៈតាំងពីតូច ហើយពេលនោះនាងក៏ទទួលបានការពេញនិយមពីបណ្តាផលិតកម្មផលិតភាពយន្តពិសេសរឿងបែបមនោសញ្ចេតនាកម្សត់ៗ។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះវត្តមានតារាកំពូលទឹកភ្នែក នាង លី ច័ន្ទសីហាហាក់មិនសូវលេចវត្តមានក្នុងការសម្តែងទេពោលគឺចាប់តាំងពីនាងបាក់បែកគូដណ្តឹងនៅឆ្នាំ២០១០មក។ ជាងនេះទៅទៀតគឺចាប់តាំងពីនាងមានរូបរាងធាត់បាត់សម្រស់មួយភាគធំមកគឺការងារសិល្បៈរបស់នាងក៏មិនសូវមានដែរ។ ប្រហែលជាដូច្នេះហើយទើបនាងស្រវាស្រទេញនឹងការងារក្រៅអាជីពសិល្បៈច្រើនជាងបន្ទាប់ពីនាងសម្តែងរឿងចុងក្រោយឲ្យផលិតកម្មមហាហង្សក្នុងរឿង «អព្ភូតហេតុស្នេហ៍» ដែលបានចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥កាលពីពេលកន្លងទៅ។
ប៉ុន្តែយ៉ាងណាតាមរយៈការសម្តែងរឿងចុងក្រោយ «អព្ភូតហេតុស្នេហ៍»នេះ កញ្ញា លី ច័ន្ទសីហាមិនសូវទទួលបានការទាក់ទាញដូចកាលដែលនាងសម្តែងក្នុងរឿង «មរណមាតា» នោះឡើយហើយជាមួយភាពអវិជ្ជមាននោះដែរ នាងក៏ទទួលបានការរិះគន់ច្រើនពីរឿងរូបរាងធាត់របស់នាងដែលមើលទៅបាត់បង់សម្រស់លែងស្អាតដូចកាលពីមុន។
តែទោះជាយ៉ាងណាក៏ដោយតារាស្រីដែលធ្លាប់បានទទួលការគាំទ្រខ្លាំងតាមរយៈរឿង «មរណមាតា» រូបនេះនៅតែមិនបោះបង់ការងារសិល្បៈចោលដែរនាងនៅតែលេចមុខម្តងម្កាលនៅតាមការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា។
លោក លី សុខជុន ដែលជាឪពុកបង្កើតរបស់នាងឲ្យដឹងថា៖«កន្លងមកមានខាងផលិតកម្មច្រើនណាស់ទាក់ទងហៅសីហាថត តែមានពេលខ្លះនាងបដិសេធមិនទៅថតឲ្យទេព្រោះនាងមានអារម្មណ៍ខ្មាសអៀននឹងមហាជនដែរ ខណៈរូបរាងនាងធាត់មិនដូចកាលពីពីរបីឆ្នាំមុន»។
ប៉ុន្តែយ៉ាងណា លី សុខជុន បានបញ្ជាក់ថា៖ «កូនខ្ញុំនាងមិនដើរចេញពីសិល្បៈឡើយបើទោះជារូបរាងនាងប្រែប្រួលយ៉ាងណាក៏ដោយ។ តែគ្រាន់តែកាត់បន្ថយនិងម្យ៉ាងនាងជាប់រវល់ច្រើននឹងការងារសម្អាងរបស់នាង»៕