រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ យល់ព្រម​គោរព​តាម​សេចក្តីសម្រេច របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការពារជាតិ​របស់​ប្រទេស​កម្ពុជា​និង​ថៃ បាន​យល់ព្រម​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ទីក្រុង ឡាអេ លើដី​ជម្លោះ​៤.៦​គីឡូម៉ែត្រ ក្បែរ​ប្រាសាទព្រះវិហារ ដែល​គ្រោង​នឹង​ប្រកាស​ក្នុង​ខែតុលា​ឆ្នាំ​២០១៣​នេះ ហើយ​ការឯកភាព​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ថៃ នៅ​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០១៣ ដោយ​មិនមាន​លទ្ធផល​ណាមួយ នៃ​ការ​ប្រឈម​ផ្នែក​ច្បាប់​លើ​តំបន់​មាន​ជម្លោះ​នោះទេ​។​

         ​សារព័ត៌មាន របស់​ថៃ​រាយការណ៍​ថា ប្រទេស​ទាំងពីរ យល់ព្រម​ដោះស្រាយ​បញ្ហា​ព្រំដែន តាមរយៈ​វិធានការ​សន្តិភាព ជំនួស​ឲ្យ​ការប្រើ​កម្លាំង​។ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នៅ​ទី​ក្រុងឡាអេ នឹង​បើកសវនាការ​នៅ​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣​ខាងមុខ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ តាម​បណ្តឹង​របស់​ភាគី​កម្ពុជា​។ តែ​កន្លងមក ព្រឹទ្ធសភា​ថៃ បាន​ណែនាំ​រដ្ឋាភិបាល​ខ្លួន ឲ្យ​ច្រានចោល​ការសម្រេច​របស់​តុលាការ​មួយ​នេះ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា បានស្នើ​ឲ្យ​តុលាការ ICJ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​សម្រេច​ឲ្យ​កម្ពុជា ជា​អ្នកគ្រប់គ្រង​ប្រាសាទព្រះវិហារ​៕

07-m