ឌុប​សង្សារ​ដើរលេង​ដួល​ម៉ូតូ ត្រូវ​រថយន្ត​យី​ឌុប​កិន​ស្លាប់ ២ ​នាក់ លើ​ស្ពាន​គី​ហ្សូ​ណា​

, , Comment closed

         ​ខេត្តកំពង់ចាម ៖ យុវជន​និង​នារី​វ័យក្មេង​ជា​សង្សារ​នឹង​គ្នា បាន​ស្លាប់​យ៉ាង​អាណោច អាធ័ម​ក្រោយពី​ពួកគេ ជួប​ឧ​ប​តិ​ហេតុ​គ្រោះថ្នាក់ ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់ មួយ​កាល ពី​វេលា​ម៉ោង ១១​និង​២៥​នាទី​យប់ ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៣ នៅ​ចំណុច លើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម ។​

         ​ជនរងគ្រោះ​មានឈ្មោះ ធឿន ភក្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ជាជាង​ជួសជុល​រថយន្ត​នៅក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​. ២​ឈ្មោះ ងួន ចាន់នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក បច្ចុប្បន្ន ធ្វើការ​នៅ​ហាង​គុយទាវ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស​ដែរ ។​

         ​មុន​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ផ្កាឈូក​ឡើង​ស្ពាន​ពី លិចទៅ​កើត ហើយ​គេ​បានឮ​សម្លេង​ដួល​ម៉ូតូ នៅ ចំណុច លើ​ស្ពាន​គី​ហ្សូ​ណា​ចន្លោះ សសរ ប៉េ​១១ និង​ប៉េ​១២​ហើយ​ភ្លាមនោះ ជនរងគ្រោះ​ស្លាប់​នៅ​ចំណុចកើតហេតុ​។ គេ​សង្ស័យថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ជែង​រថយន្ត​ដឹកទំនិញ ហើយ​វ៉ា​ក់​អើ​ជាមួយ​រថយន្ត​មកពី​មុខ​ក៏​ដួល​ខ្ទាត​ម៉ូតូ​ចេញ រីឯ​មនុស្ស ត្រូវ​រថយន្ត​កិន​ស្លាប់​ទាំងពីរ​នាក់​តែម្តង ។​

         ​ដោយឡែក រថយន្ត​ដែល​កិន​ជនរងគ្រោះ បាន​បើក​រត់គេច ដែល​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ខណៈដែល​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ក្រោយ​ហេតុការណ៍ ត្រូវបាន​រថយន្ត​សាមុយ មន្ទីរពេទ្យ​៧​ដេ ដឹក​យកទៅ រក្សាទុក​ដើម្បី​រងចាំ​សាច់ញាតិ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ គឺ​បង្កឡើង​ដោយ​ការបើក​បរជែង​គ្នា ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៕