ប្រកាស​តែងតាំង​លោក អ៊ិត ភូម្រា ជា​នាយ​ខណ្ឌ និង​លោក នួន សុខុម ជា​នាយរង​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​

, , Comment closed

         ​ខេត្តព្រះវិហារ ៖ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៣ មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​និង ប្រគល់​ភារកិច្ច​ជូន​មន្ដ្រីរាជការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ក្រោម​អធិបតីភាព​លោក ចាន់សុ​វុ​ឌ្ឍ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ដែល​ក្នុងនោះ​លោក អ៊ិត ភូម្រា ត្រូវបានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ និង​លោក​នួន សុខុម ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​

         ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ​បាន​មានប្រសាសន៍ថា ការប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​ជូន​មន្ដ្រីរាជការ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ព្រះវិហារ​របស់​ក្រសួងកសិកម្ម​និង​រុក្ខាប្រមាញ់​នៅថ្ងៃនេះ គឺ​សំរាប់​មន្ដ្រី​មាន​ស្នាដៃ​ដឹកនាំ​និង​បំរើ​ការងារ​ក្នុង​អង្គភាព​បាន ល្អ​នាពេល​កន្លងមក ជាពិសេស​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​មាន​ឆន្ទៈ​និង ស្មារតី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​សមត្ថកិច្ច ពាក់ព័ន្ធ​បាន​យ៉ាង​ល្អ ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

         ​លោក ចាន់ សុ​វុ​ឌ្ឍ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ថ្មី​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ព្រះវិហារ​ចំនួន​២​រូប​ខាងលើ ត្រូវខិតខំ​ដឹកនាំ​អង្គភាព​អោយមាន​ការរីកចំរើន​និង​មាន​សាមគ្គីភាព ផ្ទៃក្នុង អោយ​បានល្អ​ត្រូវ​ចូលរួម​សហការ​ជា​អាជ្ញាធរ​ដែនដី​និង​គ្រប់​កំលាំង សមត្ថកិច្ច ដើម្បី​ឈានទៅ​អនុវត្ត​បទបញ្ជា​ថ្មី​០០២​បប របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយមាន ប្រសិទ្ធភាព​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

         ​ការប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​ថ្មី​ជូន​ដល់ ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ដោយយោង​តាម​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លេខ​០៧០​ប្រក​កសក​ចុះ​ថ្ងៃទី​១៩ កុម្ភៈ ២០១៣​នោះមក លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ដែល​ទើបនឹង​តែងតាំង​ថ្មី​បាន​ទ្បើង ប្ដេជ្ញាចិត្ត​ថា​នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ ខេត្ត ពិសេស​គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចូលរួម​អនុវត្ត​អោយបាន​សំរេច​និង​មាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​៕

06-m