សុន ស្រី​ពេជ្រ ប្រឹង​នៅ​អាមេរិក​ដើម្បី​ដោះបំណុល​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស៊ីសំ​នៀង​បែប​ធម្មជាតិ​នាង សុន ស្រី​ពេជ្រ វាយ​ផ្តាច់​ផ្នែក​ទេសចរណ៍​ដែល​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ប្រមាណ​៣​ឆ្នាំ​មកនេះ បានបញ្ជាក់​ពី​ក្តីសង្ឃឹម​ទាំង​ត្រេកអរ​របស់ខ្លួន​ថា នាង​នឹង​អាច​រកប្រាក់​បាន​ច្រើន​នៅក្នុង​ដំណើរ​ចេញ​ច្រៀង​សម្តែង​ជា​លើកដំបូង​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ប្រមែប្រមូល​ប្រាក់​ទាំងនោះ​ដោះបំណុល​ធនាគារ​ដែល​នាង​បាន​ខ្ចី​រាប់ម៉ឺន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះ​នោះ​។​

         តារាចម្រៀង​ប្រចាំ​ក្រសួងទេសចរណ៍ និង​ជា​តារាចម្រៀង​របស់​ផលិតកម្ម​យក្ស​ហង្ស​មាស​នាង សុន ស្រី​ពេជ្រ បាន​ខ្ចីប្រាក់​ទាំង​ដុំ​ពី​ធនាគារ​ជាច្រើន​ម៉ឺន​ដុល្លារ ដើម្បី​សង់ផ្ទះ​នៅ​ម្តុំ​វត្ត សំរោង​អណ្តែត ហើយ​កម្ចី​ទាំងនោះ​នាង​នឹង​ត្រូវធ្វើ​ការបង់​រំលស់​ជា​ដំណាក់កាល ហើយ​សម្រាប់​ការចេញ​ទៅ​អាមេរិក​លើក​នេះ​នាង​សង្ឃឹមថា នាង​នឹង​អាច​ប្រមូលប្រាក់​បាន​ច្រើន​ដើម្បី​ធ្វើ​ការបង់​ផ្តាច់​បំណុល​ធនាគារ​នោះ​តែម្តង​កុំ​ឲ្យ​កង្វល់​ទាំងនោះ​នៅតែ​ជា​បញ្ហា​នៅក្នុង​ដួងចិត្ត​របស់​នាង​បន្តទៀត​។​

         ​តារាចម្រៀង​ដែល​ធ្លាប់មាន​ប្រវត្តិ​ដើរ​ច្រៀង​ភ្លេង​ការ​តាម​ស្រុកភូមិ​ជាមួយនឹង​លោកឪពុក​នាង សុន ស្រី​ពេជ្រ បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា នាង​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ចំនួន​៤​ម៉ឺន​ដុល្លារ ក្នុង​លក្ខខណ្ឌ​បង់​រំលស់​ដើម្បី​ធ្វើការ​សង់ផ្ទះ​មួយកន្លែង​ដើម្បី​ញ៉ាំង​ឲ្យ​ជីវិត​របស់​នាង​គេច​ឱ្យ​ផុតពី​ការរស់នៅ​ផ្ទះជួល​គេ​។ នាង​បានបញ្ជាក់​បន្ថែមថា​រហូត​មកទល់នឹង​ពេលនេះ នាង​នៅ​ជំពាក់​ធនាគារ តែ​ជាង​១​ម៉ឺន​ដុល្លារ​ទៀត​ប៉ុណ្ណោះ​។​

         ​ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​ចំនួន​បំណុល​នៅមាន​ចំនួន​តិច​នេះ និង​ចង់​បង់​ផ្តាច់​តែ​ម្តងនោះ តារាចម្រៀង​ទេសចរណ៍​រូបនេះ​និយាយថា​៖«​នេះ​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្ញុំ​ហើយ ដែល​ខ្ញុំ​មានឱកាស​ចេញទៅ​ច្រៀង​នៅឯ​បរទេស ហើយ​ដំបូង​អ៊ីចឹង​ក៏មាន​អារម្មណ៍​ភ័យ​បុក​ពោះ​ខ្លះៗ​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ដើម្បី​សម្តែង​ច្រៀង​កំដរ​អារម្មណ៍​បងប្អូន​នៅ​ទីនោះ ដោយ​មិនឱ្យ​ពួកគាត់​ខកបំណង​ឡើយ​»​។​

         ​យ៉ាងណាមិញ តារាចម្រៀង​កូនស្រី​របស់​តារា​កំប្លែង​ជើងចាស់​លោក​សង់​ស៊ី​ស រូបនេះ​បានបញ្ជាក់​ពី​ក្តី​សង្ឃឹមលើ​ដំណើរ​ចេញ​ច្រៀង​លើទឹក​ដី​អា​គាំង​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន​ថា​៖«​ខ្ញុំ​គិតថា​ទៅ​សម្តែង​ច្រៀង​នៅ​អាមេរិក​លើក​នេះ នឹង​ទទួលបាន​ជោគជ័យ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន ហើយ​ខ្ញុំ​រំពឹងថា នឹង ទទួលបាន​ប្រាក់ចំណូល​ច្រើន​គួរសម ដើម្បី​ដោះបំណុល​ធនាគារ​»​។​

         ​ការទទួលបាន​ឱកាស​ចេញ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​ក្នុង​អាជីព​នេះ តារាចម្រៀង​បែប​មនោសញ្ចេតនា​រូបនេះ​បាន​ឲ្យ​ដឹងថា នាង​នឹង​មិនបាន​ចូលរួម​ការប្រគំ​តន្ត្រី​យក្ស​របស់​ផលិតកម្ម​ហង្ស​មាស Best of The Best ២០១៣ បានទេ ហើយ​នាង​ក៏មាន​ការសោកស្តាយ​ដែរ​នៅពេល​អវត្តមាន​នៅក្នុង​កម្មវិធី​ធំ​ប្រចាំឆ្នាំ​បែបនេះ​។ ប៉ុន្តែ​នាង​បានបញ្ជាក់​ឲ្យ​ដឹងថា នាង​ក៏​មិនអាច​មិន​ទៅ​ច្រៀង​នៅ​អាមេរិក​បានដែរ ព្រោះ​នាង​ជាប់កិច្ចសន្យា​នៅ​អាមេរិក​តាំងពី​ឆ្នាំ​២០១២​មក​ម៉េះ្ល​៕

06-m (2)

ប្រភព postkhmer​