ជិះ​ម៉ូតូ​ទៅបុក​រះ​ដប​សាំង​ដាក់លក់​នៅលើ​ចិញ្ចើមផ្លូវ បង្ក​ឲ្យ​មាន​អគ្គីភ័យ​ផ្អើល​ក្រុង​កំពង់ឆ្នាំង​

, , Comment closed

         ​ខេត្តកំពង់ឆ្នាំង​ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​អ្នកលក់​សាំង ទាំង​កណ្តាលថ្ងៃត្រង់​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣  នៅ​ចំ​ពីមុខ​ចំហៀង​ផ្សារលើ ជាប់​របង​មន្ទីរ​ហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​លក់ដូរ​និង​រស់នៅ ជិត​កន្លែងកើតហេតុ ប៉ុន្តែ​សំណាងល្អ ម្ចាស់​តូប និង​អ្នកលក់ដូរ​នៅ​ជិតខាង​ទាញ យក​បំពង់​ពន្លត់​អគ្គិភ័យ BC បាញ់​ពន្លត់​ទាន់ពេលវេលា។​

         ​ម្ចាស់​តូប​លក់ សាំង​ដែល​ភ្លើង​ឆាបឆេះ​នោះ មានឈ្មោះ នៅ សំអាត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មានមុខ​របរ ជា​អ្នកលក់​សាំង នៅ​ចំណុចកើតហេតុ​ខាងលើ ។ ម្ចាស់​តូប​លក់​សាំង ខណៈ​ឃើញ​អគ្គិភ័យ​បាន​ឆាបឆេះ​សាំង​របស់ខ្លួន ក៏បាន​ទាញ​បំពង់ BC មក បាញ់​ពន្លត់​ភ្លាមៗ និង​មាន​ការជួយ​បាញ់​បំពង់ BC ពី​អ្នកលក់ដូរ​តូប​ជិត​ផង​នោះ ទើប​អគ្គិភ័យ​បាន​រលត់​ទៅ​ទាំងស្រុង ។

         ​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ បណ្តាលមកពី​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ឌ្រី​ម​សង់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក លេខ បាន​ជិះ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ប៉ុន្តែ​មកដល់​កន្លែងកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ដប​សាំង ដែល​ដាក់លក់​នៅលើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​មានការ ឆាបឆេះ​កើតឡើង ។ ម្ចាស់​ម៉ូតូ ខណៈ​ឃើញ​ហេតុការណ៍​ដូច្នេះ បាន​បន្ថែម​ល្បឿន​ម៉ូតូ រត់​បាត់ស្រមោល​តែម្តង។ អគ្គិភ័យ​ខាងលើនេះ បាន​ឆាបឆេះ អស់​សាំង​ប្រមាណ ជាង​២០​លីត្រ និង សាំង​នៅក្នុង ប៊ីដុង​មួយចំនួនទៀត ៕

06-m (2) 06-m (1)