ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ជ្រក​ក្រោម​ស្បែក​សមត្ថកិច្ច សប្បាយ​នាំចេញ​ឈើ​តាម​ច្រក​ទាន់ហន់​

, , Comment closed

         ​ខេត្តកំពត ៖ បើទោះបីជា​លោក​អភិបាលខេត្ត ខូ​យ ឃុន​ហ៊ួ​រ ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ព្រមាន​គ្រប់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ដកខ្លួន​ឱ្យ​ឆ្ងាយ​ពី​ការ​ចរាចរ ការកែច្នៃ ការទិញ​ដូរ​…​ឈើ​ប្រណីត ខុសច្បាប់​យ៉ាងណាក៏ដោយ ក៏​ការដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត​ឆ្លងកាត់​ទឹកដី​ខេត្តកំពត ចុះទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់ កំពុងមាន​ភាព​កាក់កប​បំផុត ដោយមាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ ។​

 

         សេចក្តីរាយការណ៍​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៣ មាន​រថយន្ត​យី​ឌុប​ចំនួន​ពីរ​គ្រឿង ដឹកឈើ​ប្រណីត​ពេញ​ចូល​តាម​ច្រក​ទាន់ហន់ រួច​ទម្លាក់​នៅ​ខាង​ទឹកដី​វៀតណាម ។ លុះ​ព្រឹក​ឡើង​ទើប​រថយន្ត​បើក​ចូលមក​ទឹកដី​កម្ពុជា​វិញ ហើយ​នៅវេលា​ម៉ោង ៤​និង ១៥​នាទី ទៀបភ្លឺ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៣ មាន​រថយន្ត​កូរ៉េ​ចំណុះ​ពីរ​តោន​កន្លះ​មួយគ្រឿង ដឹកឈើ​ប្រណីត​ពេញ​ឆ្លងកាត់​ច្រកទ្វារ​ទាន់ហន់ ទៅ​ទម្លាក់​ក្នុង​ទឹកដី​វៀតណាម ត្រង់​កន្លែង​ដដែល​។​

         ​ដោយឡែក​នៅវេលា​ម៉ោង ២​និង ៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣ រថយន្ត​យី​ឌុប​មួយគ្រឿង បាន​ដឹកទំនិញ​ប្រភេទ​ឈើ​ប្រណីត​ដូចគ្នានេះ ទៅ​ទម្លាក់​ត្រង់​កន្លែង​ដដែល​នោះ គឺ​ស្ថិតនៅ​ខាងក្រោយ​ប៉ុស្តិ៍​យាម​នៃ​សមត្ថកិច្ច​វៀតណាម ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ១០០ ម៉ែត្រ​ប៉ុណ្ណោះ ពី​ខ្លោងទ្វារ​របស់​កម្ពុជា​។ បើ​គិត​ចាប់ពី​ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម រហូតដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣​នេះ ឈើ​ដែល​កំពុង​គរ​ទុក​មាន​ប្រមាណ​ជាង ២០០ ម៉ែត្រត្រីគុណ មិនទាន់​ដឹក​ចេញ​នៅឡើយ​។

         ​មន្ត្រី​ជំនាញ​អាចធ្វើ​អ្វី​មិនកើត​ទេ​ឬ​មិន​ហ៊ាន​ប៉ះពាល់ ព្រោះ​ផុតពី​ដែនដី​កម្ពុជា​ទៅហើយ ប៉ុន្តែ​មុននឹង​ឈើ​ប្រណីត​ទាំងនោះ​ដឹក​ចូល​ទៅដល់​ទឹកដី​វៀតណាម គឺ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ បាន​ឆ្លងកាត់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន អាច​និយាយបានថា ដោយសារ​មានការ​ឃុបឃិត​ពេញបន្ទុក​ពី​សមត្ថកិច្ច ទើប​ឈ្មួញ​អាចធ្វើ​សក្មភាព​បាន​។  មានការ​បញ្ជាក់ថា ម្ចាស់​ឈើ​ប្រណីត​ទាំងនោះ ត្រូវគេ​ស្គាល់​ថា​ជា​សមត្ថកិច្ច​កំពុង​បម្រើ​ការងារ និង​មាន​ទីលំនៅ​ក្នុង​ខេត្តកំពត​តែម្តង​៕

05-m