សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត រក​សិទ្ធិ​រស់នៅ​អាមេរិក​ស្របច្បាប់​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១២ អតីត​ម្ចាស់​ជើងឯក​ចម្រៀង​ជាតិ​សកល​ឆ្នាំ​២០១០​នាង សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត​បានទទួល​ការអញ្ជើញ​ដ៏​មហា​កិត្តិយស ឆ្លង​ទ្វីប​ទៅជា​ធ្វើ​គណៈមេប្រយោគ​ប្រឡង​ជ្រើសរើស​បេក្ខភាព​តារាចម្រៀង​ខ្មែរ​ពី​ប្រទេស​អាមេរិក​យកមក​ចូលរួម​ប្រឡង​ចម្រៀង​ជាតិ​សកល​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១២ ប្រចាំ​នៅ​ប្រទេស​ខ្មែរ​។ ប៉ុន្តែ​នៅក្រោយ​វត្តមាន​ដ៏​អាថ៌កំបាំង​នៅលើ​ទឹកដី​ដ៏​ស៊ីវីល័យ​នោះ និង​ស្របពេល​មាន​ដំណឹង​ថា នាង​រកបាន​ម្ចាស់​បេះដូង និង​ភ្ជាប់ពាក្យ​នៅ​ទីនោះ នាង​ក៏​កំពុង​ស្វះ​ស្វែងរក​សិទ្ធិ​រស់នៅ​ស្របច្បាប់​លើ​ទឹកដី​សហរដ្ឋអាមេរិក​ផងដែរ​។​

         ​ក្រោយពី​តារាចម្រៀង​ដែលជា​ចៅស្រី​បង្កើត​របស់​អតីត​សិល្បការិនី​ល្ខោនបាសាក់​ដ៏​ល្បីឈ្មោះ​ក្នុងសម័យ​សង្គមរាស្ត្រនិយម លោកយាយ ចេក ម៉ាច កញ្ញា សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត បាន​ជាប់​ជា​ម្ចាស់​ជើងឯក​ចម្រៀង​ជាតិ​សកល​ឆ្នាំ​២០១០ និង​ជា​ជំនា​ន់ទី​១​នៃ​កម្មវិធី​ជាតិ​ដ៏​ធំ​នោះ នាង​ក៏​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅធ្វើជា​គណៈមេប្រយោគ​នៅ​អាមេរិក​១​ឆ្នាំ​ម្ដង ដើម្បី​ជ្រើស​រើសយក​បេក្ខជន បេ​ក្ខ​នារី​មក​ប្រឡង​ផ្ដាច់ព្រ័ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​

         ​ប៉ុន្តែ​ខណៈពេលដែល​នាង​បាន​ទៅធ្វើ​គណៈមេប្រយោគ​កាលពី​ឆ្នាំ​២០១២​នោះ លុះដល់​ថ្ងៃ​កំណត់​វិល​មក​ស្រុក​ខ្មែរ​វិញ គេ​មិន​បានឃើញ​វត្តមាន​គណៈមេប្រយោគ​វ័យ​២២​ឆ្នាំនេះ វិល​ត្រឡប់មក​ស្រុកកំណើត​របស់ខ្លួន​វិញ​ឡើយ ដោយ​នាង​បាន​រត់គេច​នៅ​ទីនោះ​ដើម្បី​ស្វែងរក​សិទ្ធិ​បានរស់នៅ​ស្របច្បាប់​នៅក្នុង​ទឹកដី​ដ៏​ធំ​ទូលាយ​មួយ​នោះ​។​

         ​ទោះជា​យ៉ាងណា​សកម្មភាព​លឹប​ល​របស់​អតីត​ម្ចាស់​ជើងឯក​ចម្រៀង​ជាតិ​សកល​ជំនា​ន់ទី​១ និង​ជា​ចៅស្រី​តួឯកល្ខោន​បាសាក់​ដ៏​ល្បីល្បាញ​កាលពី​ទសវត្សរ៍​មុន​ឆ្នាំ​៦០​នោះ ត្រូវ​ប្រភពពី​ចង្កោម​សិល្បៈ​ដែល​ធ្លាប់​ចេញចូល​ច្រៀង​នៅ​អាមេរិក​បង្ហើប​ឲ្យ​ដឹងថា​៖ «​តារាចម្រៀង​ដែលជា​ចៅ​បង្កើត​របស់​លោកយាយ ចេក ម៉ាច នាង សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​មិន​ស្របច្បាប់ បន្ទាប់ពី​នាង​បាន​រត់គេចខ្លួន​មិន​ព្រម​ត្រឡប់មក​ទឹកដី​កំណើត​វិញ​ហើយ​ចំពោះ​មូលហេតុ​ដែល​នាង​មិន​ព្រម​វិល​មកវិញ​នេះ​ដោយសារតែ​នាង​មាន​ជម្រើស​ទី​១​ចង់​រស់នៅ​ជាមួយ​ប្អូន​នៅ​ទីនោះ​និង​មួយទៀត​នាង​រកបាន​ម្ចាស់​បេះដូង​នៅ​ទីនោះ​ហើយ​ដែរ​»​។​

         ​ប្រភពពី​សិល្បៈ​ដដែល​នោះ​ក៏បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ការផ្ញើ​ខ្លួន​មិនទាន់​ស្របច្បាប់​របស់​អតីត​តារាចម្រៀង​ជើងឯក​ជាតិ​សកល​ឆ្នាំ​២០១០ នាង សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត​មិនមែន​ថា នាង​មិន​មានឱកាស​បានរស់នៅ​ដ៏​ស្របច្បាប់​នៅ​ទី​នោះទេ ពោលគឺ​ពេលនេះ​ក្រោយពី​នាង​រកបាន​ម្ចាស់​បេះដូង​ដែលជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ស្រាប់​និង​បាន​ភ្ជាប់ពាក្យ​ហើយ​នោះ​ទាំង​សាច់ញាតិ​នាង​និង​គូ​ដណ្តឹង​នោះ​ក៏​កំពុង​ស្វះស្វែង​រត់​ឯកសារ​ដើម្បី​ទទួលបាន​សិទ្ធិ​រស់នៅ​ស្របច្បាប់​ជាមួយ​អនាគត​ស្វាមី​»​។​

         ​ចំពោះ​ទំនាក់ទំនង​ស្នេហា​របស់​អតីត​តារាចម្រៀង​ម្ចាស់​ជ័យលាភី​លេខ​១​ជាតិ​សកល​វ័យ​២២​ឆ្នាំ​នាង សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត នោះ មិនមែន​ទើបតែ​កើតឡើង​ក្រោយពេល​នាង​ទៅធ្វើជា​គណៈមេប្រយោគ​ឆ្នាំ​២០១២​នោះឡើយ​។​

         ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​អាណិកជន​ខ្មែរ​នៅ​អាមេរិក​នោះ ចាប់តាំងពី​នាង​បាន​ទៅដល់​ទីនោះ​លើក​ទី​១​មកម្ល៉េះ​គឺ​មុន​ឆ្នាំ​២០១២​។ ចំណែក​បុរស​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​នាង​នោះ​គឺជា​អ្នកជំនួញ ហើយ​ពេលនេះ​រង់ចាំតែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ​»​។​

         ​ដោយឡែក​ប្រភព​ចុងក្រោយ​នេះ​ក៏បាន​ទម្លាយ​ឲ្យ​ដឹង​បន្ថែមទៀតថា​៖ «​តារាចម្រៀង​ដែលមាន​ឈាមជ័រ​ជា​អ្នកសិល្បៈ កញ្ញា សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត អាច​នឹង​ស្វែងរក​សិទ្ធិ​រស់នៅ​ស្របច្បាប់​បាន​ឆាប់ៗ ខណៈ​ចំណង​ស្នេហ៍​ឆ្លង​សមុទ្រ​របស់​នាង​មួយ​នេះ​អាច​ឈានដល់​មង្គលការ​ពិតប្រាកដ​មែន​នោះ​» ។​

         ​ប៉ុន្តែ​ជុំវិញ​ការលើកឡើង​ទាំងអស់នេះ ពុំទាន់​មាន​​ការបកស្រាយ​ពី​ក្រុមគ្រួសារ​របស់​នាង សាំង ស៊ុំ​ម៉ា​ចលី​ដែ​ត បានឡើយ ខណៈដែល​លេខ​ទូរស័ព្ទ ដែល​នាង​ធ្លាប់ប្រើ​មិនអាច​ទាក់ទង​បាន​។ ក្នុង​បទ​សម្ភាស​កន្លងមក តារាចម្រៀង​មាន​ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ​រូបនេះ​ធ្លាប់បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​យកប្ដី​ស្រុក​ខ្មែរ​ទេ ព្រោះ​ខ្ញុំ​មាន​ផែនការ​ចេញទៅ​អាមេរិក​។ មិនមែន​ខ្ញុំ​ប្រកាន់​ប្រុស​ក្នុងស្រុក​ទេ ប៉ុន្តែ​នោះ​ជា​អ្វីដែល​បងប្អូន​ខ្ញុំ​ចង់បាន ទើប​ខ្ញុំ​អត់​ហ៊ាន​ផ្ដើម​ទំនាក់ទំនង​ជាមួយ​អ្នកស្រុក​ខ្មែរ​!”៕

05-m (2)

ប្រភព postkhmer​