កម្ពុជា​ស័ក្តិសម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ចាប់ពី​ថ្ងៃទី​១៦-២៧ មិថុនា ឆ្នាំ​២០១៣

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្នុងឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ថ្ងៃទី​៣ មីនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែលជា​កិច្ចប្រជុំពេញអង្គ​លើក​ទី ៣៧ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៧ មិថុនា ឆ្នាំ ២០១៣ នេះ​។​

         ​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លំដាប់​ពិភពលោក​នេះ ជា​ឱកាស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​មោទនភាព​ជាថ្មីទៀត​របស់ កម្ពុជា ក្នុងការ​ដើរតួនាទី​សំខាន់​នៅលើ​ឆាក​អន្តរជាតិ  ដោយ​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​ស័ក្តិសម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ ពីព្រោះ​កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ជាច្រើន​ដែល​ត្រូវបាន​ចុះ​ក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុងនោះ​ក៏មាន​ប្រាសាទព្រះវិហារ​ដែល​ថៃ​ប៉ុនប៉ង​ដណ្តើមយក​នោះ​ផងដែរ​។​

         ​ក្នុង​ដំណើរ​ឈានទៅ​ទទួល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា រួមជាមួយ​តំណាង​អង្គការ​យូណេស្កូ​បាន​ជួបប្រជុំគ្នា​ពីរលើក​រួចមកហើយ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ នៅមុន​កិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក វេទិកា​អន្តរជាតិ ស្តីពី​បេតិកភណ្ឌ​ពិភពលោក ត្រូវគេ​គ្រោង​បើក​ធ្វើ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៧ ខែ មិថុនា នៅក្នុង​ខេត្តសៀមរាប​។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែលមាន​សមាជិក​ចំនួន ២១ ប្រទេស តែង​បើក​កិច្ចប្រជុំពេញអង្គ​ជា​រៀងរាល់​មួយឆ្នាំ​ម្តង ហើយ​កាលពី​ឆ្នាំមុន កិច្ចប្រជុំ​បាន​បើក​ធ្វើ​នៅឯ​ប្រទេស​រុស្ស៊ី​។

         ​គេ​នៅ​មិនទាន់​ដឹង​អំពី​របៀបវារៈ​លម្អិត​ដែល​ត្រូវ​ពិភាក្សាគ្នា​ក្នុង កិច្ចប្រជុំ​លើក​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​រាជ រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​កិច្ចប្រជុំ​នេះ ថា​មាន​សារសំខាន់​ដែល​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។ ក្រសួង​ព័ត៌មាន​គ្រោង​បើក​វគ្គ​បណ្តុះបណ្តាល​ពិធីករ ពិធី​ការិនី និង​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​សម័យប្រជុំ​នេះ​ទៀតផង ដើម្បី​ធ្វើយ៉ាងណា​អោយ​ពួកគេ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​។ បទ​យកការណ៍ ស្ប៉ត​ពាណិជ្ជកម្ម និង​វេទិកា​តុមូល​នានា​ទាក់ទង​នឹង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​ត្រូវគេ​គ្រោង​ចាក់ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍ ចាប់ពី​ខែមេសា ខាងមុខនេះ​តទៅ​ហើយ​៕

05-m