រមាស ដំរី និង​ត្រី​ឆ្លាម ជា​ប្រភេទ​សត្វ​ដែល​ទទួល​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​

, , Comment closed

         ​ប្រទេស​ថៃ ៖ នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃទី ៣ ខែមីនា​ឆ្នាំ​២០១៣​កន្លងទៅនេះ មាន​រៀបចំ​សន្និសីទ​ស្តីពី​ប្រភេទ​សត្វ​និង​រុក្ខជាតិ ដែល​រង​ការគំរាមកំហែង​និង​ជិត​បាត់បង់​ពូជ​ពី​ពិភពលោក​យើង ដោយបាន​ផ្តោត​ប្រធានបទ​សំខាន់ទៅលើ​សត្វ​រមាស ដំរី និង​ត្រី​ឆ្លាម ព្រោះ​ជា​រៀងរាល់ឆ្នាំ ប្រភេទ​សត្វ​ទាំងបី សុទ្ធសឹងតែ​ជា​ប្រភេទ​សត្វ​រង​នូវ​ការគំរាមកំហែង​យក​ស្នែង ភ្លុក រឺក៏​ព្រុយ ពី​ការ​ប្រមាញ់​និង​នេសាទ​នានា​។​

         ​ជា​រៀងរាល់ឆ្នាំ​តំណាង​ប្រទេស​ចំនួន ១៧៧ អង្គការ​ការពារ​សត្វ​ព្រៃ និង​ស្ថាប័ន​ពាក់ពាន់​នានា តែងតែបាន​ជួបប្រជុំគ្នា សិក្សា​ពី​ស្ថានភាព​នៃ​ការគំរាមកំហែង​រាល់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដែល​ជិត​ដាច់​ពូជ​លើ​លោក ដើម្បី​រក​វិធានការ​ទប់ស្កាត់​អោយមាន​ប្រសិទ្ធភាព​។ ប្រទេស​ទាំង​១៧៧ នេះ គឺជា​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​មួយ​មាន​ឈ្មោះថា Cites ចែង​ពី​ការធ្វើ​អាជីវកម្ម លើ​ប្រភេទ​សត្វ​ដែល​ជិត​បាត់បង់​ពូជ​។

         ​អនុសញ្ញា​នេះ​បានដាក់​បញ្ចូល​ប្រភេទ​សត្វ និង​រុក្ខជាតិ​ប្រហែលជា ៣៥ ០០០ ប្រភេទ អោយ​ស្ថិតនៅក្នុង​ការការពារ​ខ្ពស់ ហើយ​អនុសញ្ញា​នេះ បាន​ដាក់អោយអនុវត្ត​ជា​ផ្លូវការ​តាំងពី​ឆ្នាំ ១៩៧៥​មកម្ល៉េះ​។ កន្លងមក ប្រទេស​នានា​ធ្លាប់​បានដាក់​វិធានការ​ហាមឃាត់​អាជីវកម្ម​លើស​ត្វ រមាស និង​ដំរី រួចមកហើយ ប៉ុន្តែ​ការហាមឃាត់​មិន​បានទទួល​ប្រសិទ្ធភាព​អ្វី​សោះឡើយ​។  គួររំលឹកថា សត្វ​រមាស​ត្រូវ​បានដាក់​បញ្ចូល​ក្នុង​អនុសញ្ញា កាលពី​ឆ្នាំ ១៩៧៧ ថា​ជា​ប្រភេទ​សត្វ​ដែល​ជិត​ដាច់​ពូជ ក្នុង​លោក​។​

         ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ កន្លងមក ការសម្លាប់​រមាស​បាន​កើនឡើងគួរអោយកត់សំគាល់ ដោយ​គេ​ឃើញ​មាន​រមាស ៦៦៨ ក្បាល​ត្រូវបាន​គេ​សម្លាប់ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ គឺ​លើសពី​ឆ្នាំ ២០០៧ ទៅទៀត ដែល​កាលណោះ រមាស​មានតែ​១៣ ក្បាល​ប៉ុណ្ណោះ រង​នូវ​ការ​ប្រមាញ់​។ នៅ​ទ្វីបអាស៊ី ជាពិសេស​នៅ​វៀតណាម គេ​និយម​ប្រើ​ភ្លុក​សត្វ ដើម្បី​ច្នៃ​ធ្វើជា​ឧស​ថ​ព្យាបាល​រោគ​ផ្សេងៗ​។​

​         ប្រទេស​កេ​ន​យ៉ា បាន​សំណូមពរ​អោយចេញ​សាលក្រម​ពន្យា​ពេល​ការនាំ​ស្នែង​សត្វ​រមាស ពណ៌​ស ចេញពី​អាហ្វ្រិក​ខាងត្បូង និង​នូ​វែ​ល​ហ្សេ​ឡង់ ប៉ុន្តែ​ប្រទេស​មួយចំនួន ហាក់​មិន​ពេញចិត្ត​នូវ​វិធានការ​នេះ​ទេ​។ ដូច្នេះ​តំរូវអោយ​ការប្រជុំ​នៅថ្ងៃនេះ ធ្វើយ៉ាងណា​សំរេច​រក​វិធានការ​ថ្មី​ផ្សេងទៀត អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។ នៅ​ប្រទេស​ថៃ អង្គការ​ការពារ​សត្វ​ព្រៃ WWF បានចេញ​ញត្តិ​ហាមឃាត់​មិន​អោយធ្វើ​អាជីវកម្ម​លើ​ភ្លុក​សត្វ នៅក្នុង​ប្រទេស​ថៃ​។

         ​ចំពោះ​ប្រភេទ​សត្វ​ក្នុង​ទឹក​វិញ សន្និសីទ​នៅថ្ងៃនេះ នឹង​ពិភាក្សា​ទៅលើ​ប្រភេទ​ត្រី​ឆ្លាម​បី​គឺមាន ត្រី​ឆ្លាម​រាង​កំពីងដូង ត្រី​ឆ្លាម​អូ​សេ​អា​នី និង​ត្រី​ឆ្លាម​មាន​ក្បាល​ដូច​ញញួរ​។ ប្រទេស​នានា​ចង់អោយ​ដាក់​ត្រី​ឆ្លាម​ទាំងនេះ ចូលទៅក្នុង​ឧបសម្ព័ន្ធ​ទី​ពីរ នៃ​អនុសញ្ញា Cites ដើម្បី​អាចអោយ​អាជីវកម្ម​ត្រី​ឆ្លាម​អាច​ប្រ​ព្រិ​ត្ត​ទៅបាន​ទៀងទាត់ ចៀស​ផុតពី​ការនេសាទ​លើស​កម្រិត​។ គួររំលឹកថា ព្រុយ​ត្រី​ឆ្លាម​ត្រូវបាន​គេ​និយម​បរិ​ភាគ​នៅ​អាស៊ី ពិសេស​នៅ​ប្រទេស​ចិន ដែល​ធ្វើអោយ​អាជីវកម្ម​ព្រុយ​ត្រី​ឆ្លាម ទទួលបាន​កម្រៃ​ខ្ពស់​មហាសាល​៕

Black Rhinoceros Mating 05-m