កម្ពុជា​នៅ​មិនទាន់​អាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០១៥ ឬ​ឆ្នាំ​២០១៧ បានទេ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា បានសម្រេច​ពន្យារពេល​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម  Sea Game  ទៅដល់​ឆ្នាំ​២០២៣ ដើម្បី​ទុក​ឱកាស​រក​ទុនវិនិយោគ​បន្ថែម លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​

         ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ទៅកាន់​មេដឹកនាំ​អាស៊ាន​ថា កម្ពុជា នៅ​មិនទាន់​អាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០១៥ ឬ​ឆ្នាំ​២០១៧ បាន​នៅឡើយ​ទេ ព្រោះ​កម្ពុជា​ត្រូវការ​ទុនវិនិយោគ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ បម្រើ​ពលរដ្ឋ​ជាមុនសិន​។ កម្ពុជា អាច​រៀបចំ​ទីកន្លែង​ប្រកួត​បាន ប៉ុន្តែ​ការ​ស្នាក់នៅ​គឺជា​បញ្ហា​ធំ​មួយ ដោយសារ​កីឡាករ ដែល​ចូលរួម​ការប្រកួត​មាន​ប្រមាណ​ជាង​៦​ពាន់​នាក់​។

         ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា ជា​បទពិសោធន៍ ប្រទេស​ឡាវ បាន​ចំណាយ​ប្រមាណ​២​រយ​ទៅ​៣​រយ​លាន​ដុល្លារ ក្នុង​ការរៀបចំ​កម្មវិធី​នេះ ដែល​ទាំងនេះ​ជា​មូលហេតុ តម្រូវ​ឲ្យ​កម្ពុជា ត្រូវការ​ពេលវេលា​បន្ថែម ដើម្បី​បម្រើ​តម្រូវការ​ពលរដ្ឋ​ជាមុនសិន​។ ការប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​ស៊ី​ហ្គេម គឺជា​ព្រឹត្តិការណ៍​កីឡា​ពហុ​ជាតិ​សាសន៍​នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ទាំង​១១​។

         ​ការប្រកួត​ស៊ី​ហ្គេម ត្រូវ​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្ដង  ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ សហ​ព័​ន្ឋ​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្រោម​ការត្រួតពិនិត្យ​ពី គណកម្មការ​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​។ សម្រាប់​ឆ្នាំ​២០២៣ មាន​រយៈពេល​៦០​ឆ្នាំ ដែល​កម្ពុជា នឹង​ក្លាយជា​ម្ចាស់ផ្ទះ​លើកដំបូង សម្រាប់​កីឡា​មួយ​នេះ​៕

Cambodian athletes parade during the ope