ដោយសារ​តែមាន​របប​ខ្មែរក្រហម គេ​មិនអាច​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​បានទេ​ ​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ ក្នុង​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា លើក​ទី​១៥ ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣​មីនា នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គេ​មិនអាច​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​ណា​បានទេ ព្រោះ​ប្រទេសជិតខាង​ទាំងនោះ គេ​មិនមាន​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដូច​កម្ពុជា​ឡើយ​។​

         សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​មាន​មនុស្ស​ម្នាក់​គេ​ថា ចាំបាច់​យក​កម្ពុជា​បច្ចុប្បន្ន ទៅ​ប្រៀបធៀប​ជាមួយ​អាពត​ធ្វើ​អី​? ហើយ​ដូចជា​ឥឡូវ ( មនុស្ស​ម្នាក់​នោះ ) ចាប់ផ្តើម​ទទួលស្គាល់ថា អាពត​សម្លាប់​មនុស្ស​ស្អីៗ​។ តែ​ថា កម្ពុជា​ត្រូវ​កុំ​យក​កម្ពុជា​បច្ចុប្បន្ន ទៅ​ប្រៀបធៀប​ជាមួយ​ជំនាន់​អាពត​។ ត្រូវយក​កម្ពុជា​បច្ចុប្បន្ន ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​។ ខ្ញុំ​ថា អុញ​! ឥឡូវនេះ កុំថាឡើយ យក​ប្រទេសមួយ​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេសមួយ គ្រួសារ​មួយ និង​គ្រួសារ​មួយ ក៏​មិនអាច​ទៅ​ប្រៀបធៀប​ជាមួយគ្នា​បានដែរ​។ ខ្ញុំ​ជាមួយ​បង ហ៊ឹម ឆែម ក៏​មិនអាច​ប្រៀបធៀប​គ្នា​បានដែរ ព្រោះ​អី​? ព្រោះ​ខ្ញុំ​អត់​មាន​ក្បាល​ឆក​ផង​…​។ អីចឹង​ឲ្យ​ប្រៀបធៀប​យ៉ាងម៉េច​?"​។  

         ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា "​កាន់តែ​ប្រៀបធៀប​គ្នា​លែងកើត វៀតណាម ឡាវ និង​ថៃ គេ​មាន​របប​ប្រល័យពូជសាសន៍​ទេ​?… អីចឹង​កម្ពុជា មិនអាច​ទៅ​ប្រៀបធៀប​ជាមួយនឹង​នរណា​បានទេ​"​។ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រម្លឹក​ពីបទ​សម្ភាសន៍​មួយ ជាមួយនឹង​អ្នកកាសែត​បរទេស ដែល​បាន​ចោទសួរ​សម្តេច អំពី​កំណែទម្រង់​របស់​សម្តេច ដាក់ចេញ​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ​១៩៨៨ ដែលថា តើ​នយោបាយ​របស់​សម្តេច យក​លំនាំ​តាម​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​កុម្មុយនីស្ត​មួយចំនួន ដូចជា គុយបា និង​សូ​វៀត យ៉ាងដូចម្តេច​?​។

         ​ប៉ុន្តែ​សម្តេច ហ៊ុន សែន បាន​លើកឡើងថា "​ខ្ញុំ​ថា អត់​ទេ​។ ខ្ញុំ​ត្រូវការ​កាត់​មួក តម្រូវ​ក្បាល​។ កាច់​ស្បែកជើង តម្រូវ​ជើង​។ ខ្ញុំ​អត់​កាត់​ក្បាល​ខ្ញុំ តម្រូវ​មួក ហើយក៏​អត់​កាត់​ជើង​ខ្ញុំ តម្រូវ​ស្បែកជើង​ដែរ ព្រោះ​អី​ស្ថានភាព​របស់ខ្ញុំ អត់​ដូច​សូ​វៀត​ឯណា​? ខ្ញុំ​ចាប់ផ្តើម​ពី​បាតដៃ​ទទេរ​មក ហើយ​ធ្វើកំណែទម្រង់​ដីធ្លី កំណែទម្រង់​នេះ កំណែទម្រង់​នោះ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​របស់ខ្ញុំ​"​។ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រដូច​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា ទៅនឹង​ក្រុម NATO ដែល​សម្តេច​ថា "No Action Talk Only" បានតែ​និយាយ តែ​អត់​ធើ​៕

04-m