ការឡោមព័ទ្ធ​​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​របស់ លី ឈុន​អ៊ូ បានត្រឹមតែ​ធ្វើ​ឲ្យ​លោក ឆេង គឹម​ស៊ុន អាម៉ាស់មុខ​

, , Comment closed

         ខេត្តកំពង់ចាម ៖ កម្លាំងចម្រុះ​រួមមាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បាននាំគ្នា​ឡោមព័ទ្ធ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​មួយកន្លែង​ស្ថិតនៅ​ផ្លូវបំបែក​ត្រើង ក្នុងភូមិ​ត្រើង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀមខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៣ ដែល​គេ​សង្ស័យថា​ជាទី​តាំង​ស្តុក​ឈើ​គ្រញូង​ដុះ​ស្លែ​របស់​ឈ្មោះ លី ឈុន​ឡាយ ត្រូវជា​ក្មួយ​របស់​មេ​ឈ្មួញ លី ឈុន​អ៊ូ ហើយ​ការឡោមព័ទ្ធ​នោះ ធ្វើឡើង​តាំងពី​ម៉ោង​១០​យប់ ដើម្បី​រង់ចាំ​ដីកាឆែកឆេរ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​គេ​សង្ស័យថា ឈើ​ប្រណីត​ត្រូវបាន​មេ​ឈ្មួញ លី ឈុន​អ៊ូ លួច​នាំចេញ​តាម​ទ្វារក្រោយ មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។

         ​សេចក្តីរាយការណ៍​ពណ៌​មាន​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ឧកញ៉ា ឈើ​គ្រញូង​ឈ្មោះ លី ឈុន​អ៊ូ និង​សាច់ញាតិ​របស់គាត់​នៅ​ភូមិ​ត្រើង បាន​លួចលាក់​ស្តុក​ឈើ​គ្រញូង និង​ឈើ​ប្រណីត​មានតម្លៃ សម្រាប់​នាំចេញ​ទៅ​លក់​នៅ​វៀតណាម​ឡើង​ដុះ​ស្លែ​ទៅហើយ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ហើយ​បើ​និយាយ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក ប្រាក់ ណូ​ម៉ា វិញ​គឺមាន​ទំនាក់ទំនង​បញ្ហា​ផលប្រយោជន៍​ជាមួយ លី ឈុន​អ៊ូ មិនដែល​ហ៊ាន​ក្អក ឬ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ទំនើបៗ​របស់​មេ​ឈ្មួញ លី ឈុន​អ៊ូ ឆ្លងកាត់​ស្ពាន​គី​ហ្សូ​ណា ទាំងយប់​ទាំង​ថ្ងៃ​ម្តងណា​ឡើយ ហើយ លី ឈុន​អ៊ូ បាន​ប្រើប្រាស់​ឥទ្ធិពល​ជា​កូនធម៌​របស់​អភិបាលខេត្ត​កំពង់ចាម ទៅរក​ស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​តាម​រថយន្ត​ទំនើបៗ ឡើង​ដុះ​ស្លែ​ទៅហើយ​។​

         ​មានការ​ខ្សឹបខ្សៀវ​ផងដែរ​ថា ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ឆេង គឹម​ស៊ុន បានទទួល​សេចក្តីរាយការណ៍​ព័ត៌មាន ហើយក៏​បាន​ចាត់​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចុះទៅ​ឡោមព័ទ្ធ​និង​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ លី ឈុន​អ៊ូ ដែល​ស្តុក​ទុក​នៅផ្ទះ​របស់​ឈ្មោះ លី ឈុន​ឡាយ​។ ប៉ុន្តែ​ដោយសារ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មួយចំនួន​ដែល​ធ្លាប់​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ លី ឈុន​អ៊ូ ក៏មាន​ការ​បែក​រឿង ហើយ លី ឈុន​អ៊ូ ក៏​ចាប់ផ្តើម​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ទ្វារក្រោយ​យ៉ាង​រលូន​ល្អ ដែល​ទីបំផុត​ការឡោមព័ទ្ធ​ផ្ទះ​របស់​ឈ្មោះ លី ឈុន​ឡាយ បានត្រឹមតែ​អាម៉ាស់មុខ​លោក ឆេង គឹម​ស៊ុន ប៉ុណ្ណោះ​។​

         ​ប្រជាពលរដ្ឋ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មេ​ឈ្មួញ លី ឈុន​អ៊ូ និង​សមាជិកគ្រួសារ​របស់​ពួកគេ សុទ្ធតែ​ជំនាញ​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​យ៉ាង​ក្រអឺតក្រទម​បំផុត​ដោយ​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើបៗ​ដូចជា​ឡុ​ច​ស៊ី​ស កាមរី​បា​ឡែ​ន និង​ធុន​ដ្រា ជាដើម ហើយ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់ ក៏​ធ្លាប់បាន​បំបាក់មុខ លី ឈុន​អ៊ូ ដោយ​បង្ក្រាប​រថយន្ត​ឡុ​ច​ស៊ី​ស និង​ធុន​ដ្រា ដឹកឈើ​ចំនួន​៣​ករណី​ផងដែរ ប៉ុន្តែ​មិនមាន​ការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​លើ​ប្រភព​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ លី ឈុន​អ៊ូ នោះទេ​។​

         ​ការចុះ​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​គ្រញូង​របស់​មេ​ឈ្មួញ លី ឈុន​អ៊ូ នៅ​ភូមិ​ត្រើង​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមីនា  ច្បាស់​ណាស់​ដែលថា ប្រធាន​រដ្ឋបាល​ព្រៃឈើ​លោក ឆេង គឹម​ស៊ុន ទទួលបាន​របាយការណ៍​ពី​កម្លាំង​សម្ងាត់​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ បែរជា​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​ឲ្យ​បែកការណ៍ ដឹង​ដល់​មេ​ឈ្មួញ លី ឈុន​អ៊ូ ទើប​ប្រតិបត្តិ​ការឡោមព័ទ្ធ​និង​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​គ្រញូង​មួយ​នេះ​ត្រូវ​បរាជ័យ​។ ប៉ុន្តែ​គេ​ជឿជាក់ថា​ប្រតិបត្តិការ​នៅពេល​ក្រោយ ប្រសិនបើ​លោក ឆេង គឹម​ស៊ុន ចុះ​ធ្វើ​ការងារ​ដោយផ្ទាល់​កុំ​ឲ្យ​បែក​ព័ត៌មាន​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម ទំនងជា​អាច​ទទួលបាន​ជោគជ័យ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ ដុះ​ស្លែ​របស់ មេ​ឈ្មួញ លី ឈុន​អ៊ូ​៕

03-m