កែវ ស្រី​នាង ស្វាមី​ជនជាតិ​បរទេស​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់​

, , Comment closed

         រាជធានិភ្នំពេញ ៖ ទោះបីជា​តារា​សម្តែង​ខ្ពស់ស្រឡះ​នាង កែវ ស្រី​នាង មាន​ជំងឺឈាមសស៊ីឈាមក្រហម​ដ៏​ធ្ងន់ធ្ងរ តែ​តារា​សម្តែង​រូបនេះ​បាន​សម្តែង​ភាពកក់ក្តៅ​ខណៈដែល​ស្វាមី​ជនជាតិ​បរទេស​របស់​នាង​កាន់តែ​ថ្នាក់ថ្នម​នាង​ជាង​មុខ​។​

         នាង មុំ ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​តារា​សម្តែង​ស្រស់​សោភា កែវ ស្រី​នាង​។ តារា​រូបនេះ​កើត​នៅ​ថ្ងៃទី​០៦ មិថុនា ឆ្នាំ​១៩៨២ នៅ​ភ្នំពេញ​។ ឪពុក​របស់​នាង​មានឈ្មោះ ប៊ុល ហេង (​ស្លាប់​ឆ្នាំ​២០០០) និង​មាន​ម្ដាយ​ឈ្មោះ ឈួន ស្រេង អាយុ​៦៦​ឆ្នាំ​ជា​ស្ត្រី​មេផ្ទះ​។ តារា​សម្តែង​រូបនេះ​ជា​កូន​ទី​៤ នៅក្នុង​ចំណោម​បងប្អូន​ចំនួន​៦​នាក់ (​ប្រុស​២ ស្រី​៤)​។​

         ​កែវ ស្រី​នាង ជា​សិស្ស​នៅ​សាលា​បាក់​ទូក​តាំងពី​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​១២ តែម្តង តែ​ក្រោយ​ចប់​នៅ​វិទ្យាល័យ​នាង​មិនបាន​បន្ត​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ទេ ដោយសារតែ​បញ្ហា​ជីវភាព​របស់​នាង​មិនសូវមាន​ភាពសម្បូរ​ស​ប្បាយ​ដូច​គេឯង​នោះ​។​

         ​ខណៈដែល​ជីវភាព​នៅក្នុង​គ្រួសារ​ហាក់​មាន​បញ្ហា​មិនសូវ​ជា​ធូរធារ ទោះបីជា​នាង​ចូល​សិល្បៈ​ហើយ​ក្តី ដូច្នេះ​ចុងឆ្នាំ​២០០៣ កែវ ស្រី​នាង ក៏បាន​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​បុរស​អ្នកជំនួញ​សញ្ជាតិ​អង់គ្លេស​លោក ប្រាយ​អ៊ិន តែ​នាង​មិន​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ឡើយ ហើយ​រហូតមក​ទល់នឹង​ពេលនេះ កែវ ស្រី​នាង និង​ស្វាមី​ទទួល​បានកូន​ពីរ​នាក់​សម្រាប់​ជា​ចំណងដៃ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ហើយ​។ ក្រោយពេល​មានការ​ជួយ​ទំនុកបម្រុង​ពី​ស្វាមី​ជា​ជនជាតិ​បរទេស ស្រី​នាង ក៏បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅក្នុង​ឆ្នាំ​២០០៧ តែ​មិនបាន​ចប់​ផង​នាង​ក៏​សម្រេចចិត្ត​ព្យួរ​ការសិក្សា​វិញ​។​

         ​បើ​និយាយ​អំពី​វិស័យ​សិល្បៈ​វិញ កែវ ស្រី​នាង បាន​ហក់​ចូលប្រឡូក​នៅក្នុង​ឆ្នាំ​២០០៣ តែ​នាង​មិនបាន​ចូល​ប្រឡងប្រជែង​ក្នុង​កម្មវិធី​អ្វីមួយ​ឡើយ​។ ការបោះ​ជំហាន​នៅក្នុង​វិស័យនេះ ដោយសារតែ​រូបនាង​មាន​បងស្រី​បង្កើតជា​តារា​សម្តែង​ល្បី​មួយរូប​ជា​អ្នក​ណែនាំ​គឺ អ្នកនាង កែវ ពិសី ។ ស្នាដៃ​ដំបូង​ដែល​ធ្វើអោយ កែវ ស្រី​នាង មានឈ្មោះ​ល្បីល្បាញ​មួយ​រំពេច​នោះ​គឺ​ស្នាដៃ​ភាពយន្ត​រឿង «​ទណ្ឌកម្ម​ស្នេហា​» ។ រឿងនេះ នាង​បាន​សម្តែង​ជាមួយ​លោក ស៊ុ​ក សុភា ហើយ ស៊ុ​ក សុភា ក៏​ចាប់ផ្តើម​ល្បី​ខ្លាំង​ក្នុង​រឿង​នោះដែរ ដែល​ធ្វើ​ឲ្យ កែវ ស្រី​នាង បាន​ជាប់​ឈ្មោះ​ហៅ​ក្រៅ​ថា «​មុំ​» រីឯ ស៊ុ​ក សុភា ជាប់​ឈ្មោះថា «​នាយ​ខៀវ​» រហូតដល់​សព្វថ្ងៃ​។​

         ​ខណៈពេលដែល​កំពុង​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​កាន់តែខ្លាំង​ស្រាប់តែ​តារា​សម្តែង​រូបនេះ​ក៏​ផ្អាក​ពី​សិល្បៈ​អស់​រយៈពេល​៣​ឆ្នាំ​បន្ទាប់ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​បុរស​អង់គ្លេស​ម្នាក់​គឺ​លោក ប្រាយ​អ៊ិន​កាលពី​ចុងឆ្នាំ​២០០៣​។ តែដោយសារ​មាន​ចំណូលចិត្ត និង​ចង់​បន្ធូរ​អារម្មណ៍​ពី​កិច្ចការ​គ្រួសារ​នៅ​ដើមឆ្នាំ​២០០៧ កែវ ស្រី​នាង ក៏​ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​សាជាថ្មី ហើយ​មកទល់នឹង​ពេលនេះ ទោះបីជា​នាង​ញាំញី​ទៅដោយ​ជំងឺឈាមសស៊ីឈាមក្រហម​ក៏ដោយ​តែ​ការសម្តែង​របស់​នាង​នៅ​ទទួល​ការគាំទ្រ​រហូត​នាង​បាន​ជាប់​ពាន​អាណាចក្រ​តា​រាជា​តារា​សម្តែង​ឆ្នើម​ប្រចាំឆ្នាំ​២០១១​ថែម​ទៀតផង​៕ ប្រភព postkhmer​

03-m (1)