រាជធានីភ្នំពេញ ៖ កើតនៅក្នុងត្រកូលអ្នកធម្មតាម្នាក់នៅភ្នំពេញ គង់ វង្សយ៉ាទីបានឲ្យដឹងថា រូបនាងកើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៩៤។ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ បានបន្តថាឪពុកនាងឈ្មោះ គង់ ជី ជាមន្ត្រីប៉ូលិសអាយុ៥០ឆ្នាំ មានម្តាយឈ្មោះហាស់ ចរិយា ជាអាជីវករ អាយុ៤៩ឆ្នាំ។ ជាមួយនឹងកម្ពស់១៦៣សង់ទីម៉ែត្រ នាងមានទម្ងន់៤៨គីឡូក្រាម។ នាងជាកូនច្បងនៅក្នុងចំណោមបងប្អូនបង្កើតចំនួន៣នាក់ ដែលមានប្រុសម្នាក់ស្រី២នាក់។
ដោយសារភាពតានតឹងរៀនមិនសូវចូល សិស្សវិទ្យាល័យស៊ីសុវត្ថិ នាង គង់ វង្សយ៉ាទី ត្រូវបានគេនិយាយថា នាងតែងគេចម៉ោងសាលាជាញឹកញយដែរ ក្រោយមកនាងក៏សម្រេចចិត្តព្យួរការសិក្សានៅត្រឹមថ្នាក់ទី១០។ ក្រោយការព្យួរការសិក្សានាងក៏ស្រវាគ្រប់ច្រកចូលប្រឡូកក្នុងវិស័យសិល្បៈពិតដូចបំណងនាងក៏ទទួលបានឱកាសការងារជាច្រើនពីការខិតខំ បន្ទាប់ពីរូបនាងចូលប្រឡងជាកញ្ញាឯករបស់ទស្សនាវដ្តីធម្មជាតិ ថ្វីតែមិនជាប់លេខ។ នោះហើយជាការផ្តើមជីវិតសិល្បៈដែលនាំឲ្យនាងមានភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាតារារូបនេះក៏មិនព្រងើយកន្តើយនឹងការសិក្សាដែរ ពោលគឺនៅឆ្នាំ២០១០ រូបនាងក៏ត្រឡប់មកបន្តការសិក្សាតាមការជំរុញរបស់ឪពុកម្តាយវិញ ហើយនាងបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ក្នុងឆ្នាំ២០១១។
គង់ វង្សយ៉ាទី បានរំឭកថា នៅពេលសិក្សានាងរៀនមិនសូវចូលទេតែអារម្មណ៍មួយគឺស្រឡាញ់សិល្បៈណាស់ ដូច្នេះនាងក៏តែងគេចម៉ោងសិក្សាទៅលួចហាត់សិល្បៈ តែឪពុកម្តាយរបស់នាងខឹងសម្បើមណាស់នៅពេលបានដឹងពីសកម្មភាពរបស់នាងតែលោកទាំងពីរក៏បានបន្ទន់ឥរិយាបថមកវិញ។ ចាប់ពីឆ្នាំ២០១០មករូបនាងក៏ទទួលបានការងារជាច្រើនផ្នែកខារ៉ាអូខេ ដែលត្រូវបានផលិតកម្មជាច្រើនផ្តល់ឱកាសឲ្យរូបនាងបង្ហាញពីសមត្ថភាពពិតនោះ។ ក្រៅពីនោះនាងក៏បានហក់ចូលប្រឡូកក្នុងវិស័យភាពយន្តជាបន្តបន្ទាប់ទៀត។
ជាមួយការខិតខំប្រឹងប្រែង តារារូបនេះក៏បានវិវត្តន៍ខ្លួនជាបន្តបន្ទាប់ប្រជែងបានភាពជោគជ័យជាច្រើនក្នុងរយៈពេលដ៏ខ្លីនេះហើយអ្វីដែលជាការមិននឹកស្មាននោះ គឺនាងបានក្លាយជាពិធីការិនីពោរពេញដោយវោហារម្នាក់របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន។
ដោយឡែកក្នុងនាមជាស្រីស្អាតគង់ វង្សយ៉ាទី បានឲ្យដឹងថា រូបនាងមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ តែនាងបានបញ្ជាក់ថា មានបុរសៗជាច្រើនតាមស្រឡាញ់រូបនាងតែរូបនាងមិនទាន់ចង់គិតពីរឿងស្នេហាបែបនោះឡើយ លុះពេលណានាងប្រជែងបានតំណែងកំពូលនៅក្នុងសិល្បៈទើបនាងយកពេលមកគិតស្នេហាម្តង៕ ប្រភព postkhmer
