អំណាច​បុណ្យស័ក្តិ និង​បក្ខពួក ធ្វើ​ឲ្យ​ជនរងគ្រោះ​បន្សល់​តែ​ភាពអយុត្តិធម៌ ក្រោយ​សំណុំរឿង​មន្ត្រីនគរបាល​ទំនើង រសាត់​តាម​ខ្យល់​

, , Leave a comment

​ខេត្តបាត់ដំបង : មន្ត្រីនគរបាល​ទំនើង​ម្នាក់​នៅតែ​មិនទាន់​បានទទួល​ទោសទណ្ឌ ហើយ​កំពុង​តែមាន​សេរីភាព​ដើរ​កម្សាន្ត​ដដែល ក្រោយ​ពេលដែល​សំណុំរឿង​អយុត្តិធម៌​មួយ​នេះ​នៅតែ​រសាត់​តាម​ខ្យល់​ដដែល​។​

 

​តាម​សេចក្ដីរាយការណ៍​ដែល​ទើប​បែកធ្លាយ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ទំនើង​ម្នាក់ បាន​យក​កែវ​វាយ​បុរស​ម្នាក់ ត្រូវចំ​ក្បាល​ឲ្យ​ហូរឈាម​ស្រោច​មុខ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​សន្ល​ប់​ស្តូកស្តឹង ហើយ​ដក​កាំភ្លើង​ពី​ចង្កេះ​គំរាម​បាញ់សម្លាប់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ក្បែរ​នោះ ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​លោះ​ព្រលឹង នាំគ្នា​រត់គេចខ្លួន​បាត់​អស់​។ ករណី​ហិង្សា​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោងជាង​១០​យប់ ស្ថិតនៅ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

 

​មន្ត្រីនគរបាល​ដៃដល់ ដែល​បង្ក​ហិង្សា និង​គំរាម​បាញ់សម្លាប់​ប្រជាពលរដ្ឋ​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ មិញ គឿ​ប ហៅ រិ​ទ្ធ មាន​ទីលំនៅ​ភូម​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ចំណែក ជនរងគ្រោះ​ឈ្មោះ វរ អាង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ជនរងគ្រោះ​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​មន្ត្រីនគរបាល ដែលជា​ជនដៃដល់​ខាងលើ គាស់​កំប៉ុង​ស្រា​បៀរ​យកតែ​រង្វាន់ ហើយ​ទុក​ស្រា​បៀរ​ចោល​។ ពេល​ឃើញ​ដូច្នេះ រូបគាត់ (​ជនរងគ្រោះ​) បាន​និយាយ​ទៅកាន់​មន្ត្រីនគរបាល​រូបនោះ​ថា “​បង​គាស់​ស្រា​បៀរ​ហើយ អត់​ផឹក​អ៊ីចឹង​?”​។ បន្ទាប់មក​ក៏មាន​ការ​ទាស់​ពាក្យសម្តី​គ្នា រហូតដល់​តឹងសរសៃក​។ ខណៈនោះ ជនដៃដល់​ខាងលើ បាន​ទាញ​កែវ​វាយ​ទៅលើ​ជនរងគ្រោះ​ឲ្យ​ត្រូវ​ចំក្បាល​គាត់ បណ្ដាល​ឲ្យ​បែក​ហូរឈាម​ពេញមុខ ដួលសន្លប់​ស្តូកស្តឹង​តែម្តង​។​

 

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​និយាយថា មន្ត្រីនគរបាល​ដៃដល់​ខាងលើ បន្ទាប់ពី​វាយ​ជនរងគ្រោះ​បែកក្បាល​ហើយ ក៏បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​មក​គំរាម​បាញ់សម្លាប់​ជនរងគ្រោះ ទាំង​ដែល​ជនរងគ្រោះ​ដួល​សម្ល​ប់​ទៅលើ​ដី​ហើយ​នោះ​។ មិនតែប៉ុណ្ណោះ ជនដៃដល់​រូបនេះ បាន​គំរាម​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ថែមទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្បែរនោះ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ក៏​រត់​ចែកផ្លូវ​គ្នា​បាត់អស់​។​

 

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ភ្លាមៗ​ផងដែរ​។ បន្តិចក្រោយមក សមត្ថកិច្ច​ស្រុក​សំពៅ​លូន ក៏បាន​ចុះមក​ធ្វើការ​សួរនាំ តែ​មិនបាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះទេ​។​

 

​បច្ចុប្បន្ន ជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន រួចរាល់​ហើយ​ដែរ​។ ដោយឡែក មន្ត្រីនគរបាល​ទំនើង​ខាងលើ បាន​រត់​គេចខ្លួនបាត់​ស្រមោល​រហូតមកទល់​ពេលនេះ ហើយ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ក៏​ហាក់​បណ្ដោយ​ឲ្យ​សំណុំ​រឿងនេះ រសាត់​តាម​ខ្យល់ មិន​អើពើ​ចំពោះ​ភាពអយុត្តិធម៌​លើ​ជនរងគ្រោះ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published