​អគ្គិភ័យឆេះតូបលក់ឥវ៉ាន់ចាបហួយ បណ្តាលឲ្យស្លាប់មនុស្សស្លាប់​៣នាក់ នៅស្រុកត្រពាំងប្រាសាទ

, , Leave a comment

ខេត្តឧត្តរមានជ័យ​ ៖​ ហេតុការណ៍​អគ្គិភ័យមួយ បានឆាបឆេះ​តូបលក់អីវ៉ាន់​ទាំងស្រុង​ និងបណ្តាលឲ្យស្លាប់​មនុស្ស៣នាក់​ (ម្តាយ និងកូនស្រី២នាក់) នៅ យប់រំលងអាធ្រាត្រចូលថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ​។

មន្រ្តីនគរបាលខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា​ ករណីខាងលើនេះ​បណ្តាលឱ្យស្លាប់មនុស្ស៣នាក់​ ខណៈជនរងគ្រោះទាំងអស់ កំពុង​សម្រាក​ស្ងប់សុខស្រួល ​នៅក្នងតូបលក់ទំនិញខាងលើនេះ។

ជនរងគ្រោះទាំង៣នាក់រួមមាន៖ ​ទី​១-ឈ្មោះ ថង់ ហូវ អាយុ៤២ឆ្នាំ មានជម្ងឺជាប់សរសៃចង្កេះ (ត្រូវជាម្តាយ)​, ទី២-ឈ្មោះ ចាន់ លីហ្សា អាយុ១៣ឆ្នាំ (ត្រូវជាកូនបង្កើត)​ និង៣-ឈ្មោះ ចាន់ លីតា អាយុ ០៧ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិ-កើតហេតុ។

លោកឧត្តមសេនីយ៍ទោ​ ម៉ែន​ លី ស្នងការ​នគរបាល​ខេត្ត ​​បានឲ្យដឹងថា​ ករណីខាងលើនេះ​ការខូចខាតរួម​ តូបលក់ឥវ៉ាន់ចាបហួយទំហំ ០៥x ០៧ម៉ែត្រ​ និងសម្ភារទ្រព្យសម្បត្តិនៅក្នុងតូប ត្រូវឆេះខូចខាតទាំងស្រុង ដែលបណ្តាលមកពីផ្ទុះឆ្លងចរន្តភ្លើង។

លោកស្នងការបន្តថា​ ករណីនេះ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ទើបរលត់ទាំងស្រុង​ តែអ្វីដែលខ្លោចចិត្តនោះ គឺគ្រោះថ្នាក់សង្គមនេះបានបណ្តាលឲ្យម្តាយកូនស្រីតូចៗ២នាក់ ​ស្លាប់ក្នុងហេតុការណ៍គួរឲ្យអាសូរយ៉ាងពន់ពេក៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published