ក្រសួង​ស្នើ​ឲ្យ​ក្រុមហ៊ុន Internet ទាំងអស់ បិទ​គេហទំព័រ​របស់​កាសែត The Cambodia Daily ដែល​ល្មើសច្បាប់​មិន​បង់ពន្ធ​ជូន​រដ្ឋ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​លិខិតផ្លូវការ​មួយ​ស្នើ​ដល់​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៉ិ​ន​ធើ​ណែ​ត (ISP) ទាំងអស់​នៅ​កម្ពុជា ឲ្យ​បិទ​គេហទំព័រ​របស់​កាសែត The Cambodia Daily ដែល​ល្មើសច្បាប់​ពន្ធ​របស់​កម្ពុ​ជា​។​

​ការស្នើ​ឲ្យ​បិទ​គេហទំព័រ​កាសែត The Cambodia Daily នេះ ធ្វើឡើង​ស្របតាម​សំណើ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​បើ​យោងតាម​លិខិត​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧។​

 

​នៅក្នុង​លិខិត​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដែល​ធ្វើឡើង​តាម​សំណើ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែល​នេះ បាន​បញ្ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​អ៊ី​ន​ធ័​រ​ណិ​ត (Internet)​ទាំងអស់​រាំងខ្ទប់ និង​ប​ញ្ឃ​ប់​ដំណើរការ នូវ​គេហទំព័រ​របស់​កាសែត​ខេ​ម​បូ​ឌា ដេលី ( The Cambodia Daily)​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង Twitter របស់​កាសែត​នេះ ដើម្បី​ប​ញ្ឃ​ប់​ដំណើរការ​នៃ​គណនី ឬ​ទំព័រ​ទាំងនេះ​ចេញពី​ប្រទេស​កម្ពុជា​។​

 

​កាសែត​ខេ​ម​បូ​ឌា ដេលី បានប្រកាស​បិទទ្វារ​កា​លពី​ថ្ងៃទី​៤ ខែ​ក​ញ្ញ ឆ្នាំ​២០១៧ គឺ​មួយថ្ងៃ​ក្រោយ​រាជរដ្ឋាភិបាល​បាន​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​កាសែត​នេះ​បដិសេធ​បង់ពន្ធ​តម្លៃ​ជាង​៦​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទថា កាសែត​នេះ​បាន​ជំពាក់​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។​

 

​បើទោះបីជា​សារព័ត៌មាន​ដែលមាន​អាយុកាល​២៤​ឆ្នាំនេះ​បាន​បិទ​មែន ប៉ុន្តែ​គេ​ឃើញ​បន្ត​ការផ្សាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ អ៊ិន​ធើ​ណែ​ត​រហូតដល់​ថ្ងៃ​ដែល​រដ្ឋាភិបាល​បិទ​នេះ​។ គេហទំព័រ​សារព័ត៌មាន​នេះ ត្រូវបាន​រារាំង​កាលពី​សប្តាហ៍​មុន ប៉ុន្តែ ទំព័រ​ហ្វេ​ស​បុក និង Twitter របស់​សារព័ត៌មាន មិនទាន់​ត្រូវបាន​រារាំង​នៅឡើយ​ទេ​។​

 

​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះដែរ ក្រុមហ៊ុន​អ៊ិន​ធើ​ណែ​ត Sinet បានបញ្ជាក់​ក្នុង​គេហទំព័រ Twitter របស់ខ្លួន​ថា ពួកគេ​ត្រូវបាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​របស់​កាសែត​ខេ​ម​បូ​ឌា ដេលី ជាច្រើន​ខែ​មកហើយ តែដោយសារ​គេហទំព័រ​នេះ​មិនសូវមាន​ប្រជាប្រិយភាព ទើប​ការបិទ​នេះ​មិនសូវមាន​ការភ្ញាក់ផ្អើល​។​

 

​អ្នកនាំពាក្យ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ លោក អ៊ឹម វត្ថា បាន​ទទួលស្គាល់ថា ក្រសួង​ពិតជា​បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​នេះ​មែន ដោយ​ថា ជាការ​អនុវត្ត​ទៅតាម​ច្បាប់​ទាំងស្រុង បន្ទាប់ពី​កាសែត​មួយ​នេះ​ពុំបាន​គោរព​តាមច្បាប់​កម្ពុជា​។​

 

​លោក​បញ្ជាក់ថា ៖ «​ពួក​ខ្ញុំ​មិន​គិតពី​រឿង​សារព័ត៌មាន​ទេ​! ពួក​ខ្ញុំ​កាន់តែ Infrastructure មានន័យថា បើ​មានការ​ប៉ះពាល់​ណាមួយ​ក្នុងការ​អនុវត្ត​វិធានការ​ផ្លូវច្បាប់ យើង​អនុវត្តន៍​តាម​ហ្នឹង​។ […] គេហទំព័រ​ទាំងអស់​ដែល​មិនមាន​ប៉ះពាល់​ផ្លូវច្បាប់ យើង​មាននៅ​ដំណើរការ​ធម្មតា​។​

 

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុងការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​ការរារាំង​គេហទំព័រ​ខេ​ម​បូ​ឌា ដេលី គឺជា​សកម្មភាព​មួយ​ក្នុងការ​រាំងខ្ទប់​នៃ​សេរីភាព​សារព័ត៌មាន​ផងដែរ​។​

 

​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា លោក ង៉ែត ម៉ូ​សេ មានប្រសាសន៍ថា បើទោះបីជា​គេហទំព័រ​ខេ​ម​បូ​ឌា ដេលី ត្រូវបាន​រារាំង​មែន ប៉ុន្តែ​សម្រាប់​ទំព័រ​ហ្វេ​ស​បុក និង Twitter មិនទាន់​អាច​រារាំង​បាន​នោះទេ​។​

 

​លោក​ថា​៖ «URL(​គេហទំព័រ​)​របស់ Twitter ឬ​របស់ Facebook គេ​អាច Block(​រារាំង​)​បាន តែ​បើសិនជា​នៅក្នុង​របស់ Content (​មាតិកា​)​ហ្នឹង គឺ​មិនអាច​ធ្វើបាន​នោះទេ ព្រោះ​អី​ចង់​មិន​ចង់ គឺ​ត្រូវ​ប្រាប់​ទៅ​ហ្វេ​សបុ​កអី​ញ្ចឹ​ង​។ បើទោះបីជា Block តាម​បច្ចេកទេស​ឥឡូវ គឺ​នៅ​តែបើ​កបាន​អញ្ចឹង​ឯង​(​សម្រាប់​ទំព័រ​ទាំងនោះ​)»​។​

 

​កាសែត​ខេ​ម​បូ​ឌា ដេលី ដែលមាន​ទាំង​ភាសា​ខ្មែរ និង​អង់​គ្លេ​ស ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកកាសែត​អាមេរិក​ជើងចាស់ លោក Bernard Krisher ក្នុង​ឆ្នាំ​១៩៩៣ មុននឹង​កាសែត​នេះ​ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នកស្រី Deborah Krisher-Steele នៅក្នុង​ឆ្នាំ​២០១៧​។​

 

​អត្ថបទ​ការ​សែត​នេះ បាន​សរសេរ​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ និង​ការគ្រប់គ្រង​សង្គម ដែល​យូរៗ​ម្តង​កាសែត​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប្រតិកម្ម​ទៅនឹង​អត្ថបទ​របស់ខ្លួន​ផងដែរ រហូតដល់​ថ្ងៃ​ដែល​ប្រកាស​បិទទ្វារ​នៅ​ខែកញ្ញា​ឆ្នាំមុន​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published