រដ្ឋសភា​កម្ពុជា​-​វៀតណាម ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិសុខ​នៅតាម​ព្រំដែន​

, , Leave a comment

​រាជធានី​ភ្នំពេញ : រដ្ឋសភា​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ឱ្យ​ភាគី​វៀតណាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិសុខ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ព​ន្លឿ​ន​បោះបង្គោល​ព្រំដែន​រួមគ្នា​។ ថ្លែង​ក្នុងឱកាស​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម ដែល​ទើប​តែងតាំង​ថ្មី​ឱ្យ​ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាង មិញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​បញ្ជាក់ថា សភា​កម្ពុជា​គាំទ្រ​ការបន្ត​ពង្រឹង ពង្រីក និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​រឹងមាំ​ថែមទៀត​។​

 

​សម្តេច​ពញា​ចក្រី មានប្រសាសន៍ថា សភា​តែងតែ​ស្នើ​ដល់​ភាគី​វៀតណាម​ឱ្យ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន ក្រសួង មន្ទីរ ខេត្ត ក្រុង​នានា ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​សម្ដៅ​រួមគ្នា​អភិវឌ្ឍន៍ និង​កសាង​វិបុលភាព ជូន​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​រួមគ្នា​ថែរក្សា​សន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បី​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាជន​ទាំងសងខាង​។​

 

​សម្តេច​ពញា​ចក្រី រំពឹងថា បេសកកម្ម​ការទូតរ​បស់​ប្រទេស​វៀតណាម នៅ​កម្ពុជា​នឹង​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកំរិត​ទៀត​។​

 

លោក វូ ក្វាង មិញ បាន​សន្យា​ចូលរួម​ធ្វើ​កិច្ចការ​មួយចំនួន​ក្នុង​បេសកកម្ម​របស់ខ្លួន ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​នោះ​។​

 

​រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម កំពុង​ពិភាក្សា​ដោះស្រាយ​បញ្ហា​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដែល​នៅ​ខ្វែងគំនិត​គ្នា​ប្រមាណ​១៦​ភាគរយ​ទៀត ខណៈ​បាន​ព្រមព្រៀងគ្នា​លើ​បោះបង្គោល​ព្រំដែន​រួម​ចំនួន​៨៤​ភាគរយ ដែល​បាន​សន្យា​បញ្ចប់​នា​ចុងឆ្នាំ​២០១៧​កន្លងទៅនេះ​។​

 

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បង្ហាញថា កម្ពុជា និង​ប្រទេស​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង​១.២៧០​គីឡូ​ម៉េ​ត្រ ហើយ​បង្គោល​ព្រំដែន ដែល​ត្រូវ​បោះ​មាន​ជិត​៤០០​បង្គោល​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published