អ្នករត់ការទំនិញចោទ លោក យ៉ឹក យូរ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ពុករលួយគ្មានថ្ងៃកែ

, , Leave a comment

ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ចុះ​អង្កេត​សកម្មភាព​ការងារ​របស់​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ដែល​គេ​សង្ស័យ​ថា បាន​បង្កើត​ការិយាធិប តេយ្យ អនាធិបតេយ្យ​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ពុករលួយ​ ពី​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ពី​កំពង់ផែ​នេះ។

មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អោយ​ចុះ​អង្កេត​ ពី​ភាព​មិន​ប្រក្រតី​ដែល​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់​ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​ តាម​ច្រក​កំពង់ផែខេត្ត​ព្រះសីហនុចោទ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ លោក យ៉ឹក យូរ ថា ពុករលួយ​ដើម្បី​ផ្ដល់​ភាព​ស្អាតស្អំ​ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ច្រើន​ទៀត បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​អោយ​បើក​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​ ដែល​វិស័យ​ឯកជន​បាន​ចោទ​ថា កំពុង​កើត​មាន​​នៅ​ក្នុង​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ។

តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ បាន​ចោទ​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ​ថា បាន​បង្កើត​ការិយាធិបតេយ្យ​ច្រើន​កន្លែង ដោយ​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​លុយ​រាប់​រយ​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ថ្លៃ​សេវា​ឯកសារ​បង់ពន្ធ​ស្របច្បាប់ និង​ឯកសារ​ប្រតិ វេទន៍​គយ​លើ​មុខ​ទំនិញ និង​ចំណាយ​លើ​សេវា​ជា​ច្រើន​ទៀត។

ក្រុម​អ្នក​រត់​ឯកសារ​បាន​អះអាង​ថា ឯកសារ​ដែល​ត្រូវ​បង់​លុយ​ ទៅ​ឲ្យ​មន្ត្រី​គយ តាម​ការិយាធិបតេយ្យ​ជា​ច្រើន​កន្លែង​នោះ គឺ​បាន​ចំណាយ​ទៅ​ផ្នែក​ ចុះ​លេខ​ដាក់​ពណ៌​គិត​ពន្ធ​ចារ​លើ​ឯកសារ​ថត​ចម្លង (Scan) និង​បង់​លុយ​ឲ្យ​មន្ត្រី​គយ ដែល​មាន​តួនាទី ​ជា​ថ្នាក់ដឹកនាំ​ផ្នែក​ត្រួត​ពិនិត្យ​ឯកសារ និង​ជាពិសេស​បង់​ជូន​ថ្នាក់ដឹកនាំ​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ នេះ​តែម្ដង។

​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ទំនិញ​មួយ​ចំនួន​នៅ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​ពិតជា​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ​ច្រើន​ផ្នែក​ពិត​មែន។ការ​ចំណាយ​នេះគឺ​មាន​ទៅ​លើ​ឯកសារ​ប្រតិវេទន៍​គយ ដោយ​ឯកសារ​នីមួយៗ ត្រូវ​ចំណាយ​លុយ​ជាង ១០០​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុង​នោះ ចំពោះ​តម្លៃ​ឯកសារ​ប្រតិវេទន៍​គយ​លើ​ទំនិញ ​ដែល​ពន្ធអាករ​ ត្រូវ​ចាត់​ទុក​ជា​បន្ទុក​របស់​រដ្ឋ និង​ឯកសារ​ប្រតិវេទន៍​គយ​បង់​ពន្ធ​ធម្មតា ក៏​ត្រូវ​ចំណាយ​លុយ​ជិត ២០០​ដុល្លារ​ដែរ​ក្នុង​ឯកសារ​នីមួយៗ។

ប្រភពប្រាប់ថាចាប់​តាំង​ពី​លោក យ៉ឹក យូរ ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ជំនួស​លោក គិន លី ដែល​បាន​ចូល​និវត្តន៍​រួច​មក គឺ​មន្ត្រី​រូប​នេះ​បាន​បង្កើត​ ឲ្យ​មាន​ការិយាធិបតេយ្យ​កើត​មាន​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​៕

ករណីខាងលើមិនអាចទាក់ទងការបំភ្លឺ  ពីលោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ បាននៅឡើយទេ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published