ប្រភេទ​សត្វល្អិត​ចង្រៃ​ម្យ៉ាង​កំពុង​រាតត្បាត ធ្វើអោយ​កម្ពុជា​បារម្ភ​

, , Leave a comment

រាជធានី​ភ្នំពេញ : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ព្រមាន​ពី​ការ​រាតត្បាត​ដោយ​ប្រភេទ​សត្វល្អិត​ចង្រៃ​ម្យ៉ាង ដែល​នឹង​បង្អាក់​ការនាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ សត្វ​ចង្រៃ​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​ខ្មួ​ត​កា​ប្រា​» ដែល​វា​អាច​បំផ្លាញ​លើ​ផលិតផល​រាប់រយ​មុខ បើទោះបី​វា​មានខ្លួន​តូច​ក៏ដោយ​ក្តី​។​

លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​ផ្នែក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​១២ ខែមករា បានឱ្យដឹងថា ប្រភេទ​សត្វល្អិត ជា​ប្រភេទ​សត្វ​ចង្រៃ​ដែល​ពិភពលោក​កំពុងមាន​ការភ័យខ្លាច​ជាទីបំផុត ដោយសារតែ​វា​អាច​ស៊ី​បំផ្លាញ​លើ​ផលិតផល​រាប់រយ​មុខ រួមទាំង​ផ្ទះ​ប្រក់​ស្លឹក​ផងដែរ​។​

 

លោក​បាន​បញ្ជាក់ថា សត្វ​ប្រភេទ​នេះ អាច​រស់នៅ​ដោយ​គ្មាន​ចំណី​លើសពី​៩ ខែ និង​អាចរ​ស់បាន​រហូត​៦​ឆ្នាំ ព្រមទាំង​ធន់​នឹង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ទៀតផង​។ លោក​ថ្លែងថា «​ខ្មួ​ត​កា​ប្រា នេះ អាចមាន​លើ​សម្បកបាវ​ចាស់ៗ សម្បក​កុងតឺន័រ លើ​រថយន្ដ និង​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ហើយ​វា​មានការ​ពិបាក ក្នុងការ​កំចាត់​ខ្លាំងណាស់ ដោយ​ប្រើពេល​យូរ​រហូតដល់​មួយ​សប្តាហ៍ ទៅ​១០​ថ្ងៃ​ទើប​ងាប់ ខណៈ​សត្វ​ខ្មូត​ធម្មតា​វិញ​ប្រើពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ គឺ​វា​ងាប់​ហើយ​»​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ទាំងអស់​បង្កើន​ការត្រួតពិនិត្យ និង​ទប់ស្កាត់​ចំពោះ​វត្តមាន​នាំចូល​សត្វ​ចង្រៃ​នេះ តាម​អនុញ្ញាតឱ្យ​ទំនិញ​ណាមួយ​ចូលមក​ប្រទេស​កម្ពុជា បើទោះបី​បច្ចុប្បន្ន​នៅ​មិនទាន់មាន​វត្តមាន​សត្វ​ចង្រៃ​នេះ​នៅឡើយ​ក្តី​។​

លោក ហ៊ាន វណ្ណ​ហន មានប្រសាសន៍ថា «​ប្រសិនបើ​មាន​វិញ គឺ​គ្រប់​ផលិតផល​កសិផល​ទាំងអស់ មិនអាច​នាំ​ចេញទៅ​ក្រៅប្រទេស​បានឡើយ សូម្បីតែ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​គេ ក៏​អាច​មិនឱ្យ​ឆ្លងកាត់​បាន​ផង ដោយសារ​គេ​ខ្លាច​ឆ្លង​សត្វ​ចង្រៃ​នេះ​ដល់​ប្រទេស​គេ​ដែរ​»​។​

បើតាម​អ្នកជំនាញ បានឱ្យដឹងថា សត្វ​ខ្មួ​ត​កា​ប្រា​នេះ មាន​ដើមកំណើត​នៅក្នុង​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ សត្វល្អិត​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចេញចូល​កប៉ាល​នៅ​សតវត្ស​៨០ តែ​ត្រូវបាន​ទប់ស្កាត់ ទាន់ពេលវេលា​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published