លោក ចាន់ ផល្លី ចៅហ្វាយក្រុងកំពង់ចាម ឃុបឃិតអោយគណះកម្មការផ្សារធំនិងផ្សារសាមគ្គី ទារប្រាក់ពីអ្នកលក់ដូរ កញ្ច្រែង-កញ្ជើ-ល្អី ប្រឆាំងនឹងសារាចរលេខ១១របស់រាជរដ្ឋាភិបាល ជាថ្នូរលាបាតដៃទទួលប្រាក់!

, , Leave a comment

ខេត្តកំពង់ចាម  ៖  ប្រជាពលរដ្ឋក្រីក្រ ដែលប្រកបមុខរបរលក់ដូរនឹងកញ្ច្រែង-កញ្ជើ-ល្អី  នៅផ្សារ ផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម បានប្រតិកម្ម ហើយខឹងសម្បាអ្នកយកភាស៊ីផ្សារ ក្រោមបង្គាប់ប្រធានផ្សារ មកទាប្រាក់ថ្លៃភាស៊ី ប្រឆាំងនឹងសារាចរលេខ១១(សរ) របស់រាជរដ្ឋាភិបាល បានប្រកាសស្តីពីការ លុបការបង់ថ្លៃ(ភាស៊ី) ចំពោះប្រជាពលរដ្ឋ លក់ដូរតាម កញ្ច្រែង-កញ្ជើ-ល្អី ដែលប្រជាពលរដ្ឋ យកបន្លែបង្កា ត្រីមកលក់ដូរទៀតហើយ។ ក៏ប៉ុន្តែគណះកម្មការផ្សារ ជាកូនជឹងលោក ចាន់ ផល្លី ចៅហ្វាយក្រុងកំពង់ចាម នៅតែព្រលែងកូនចៅកូនចៅ រហូតដល់៩នាក់ ដើរយកលុយភាស៊ីផ្សារ មិនគោរពនិងអនុវត្តន៍តាម តែបែរជាមកទារប្រាក់ថ្លៃភាស៊ី ពួកគាត់ ដែលដាក់លក់បន្លែត្រីតាម កញ្ច្រែង-ល្អី-កញ្ជើ តាមចិញ្ចើមថ្នល់ មុខផ្សារ មួយកញ្ច្រែង ដែលក្នុងមួយថ្ងៃត្រូវចំណាយយ៉ាងតិច៣ពាន់រៀលជាប្រចាំ ។

ក្រុមអ្នកលក់ដូរតូចតាចតិចតួចដូចជា អ្នកលក់ខ្ទឹម អំបិល ម្ទេស ត្រី-មាន់ទា តាមចិញ្ចើមថ្នល់ មុខផ្សារ និយាយថា សកម្មភាព នៃការទារប្រាក់ ពីក្រុមទារប្រាក់ភាស៊ីនៅក្នុងផ្សារនេះ នៅតែកើតមានជាធម្មតា ។ បើទោះបីជាអ្នកលក់ដូរ ដឹងថា សម្តេចតេជោ បានប្រកាសថា អ្នកលក់ដូរកំប៉ិកកំប៉ុក មិនតម្រូវឲ្យបង់ភាស៊ីក៏ដោយ ប៉ុន្តែបើអាចលក់ដូរនៅទីនេះបានត្រូវបង់ប្រាក់ប្រចាំថ្ងៃជូនក្រុមគណះកម្មការផ្សារនេះ។ប្រសិនបើមិនបង់ទេនឹងមិនអាចបានលក់តទៅទៀតឡើយ ។

អាជីវករនៅផ្សារធំនិងផ្សារសាមគ្គី ក្រុងកំពង់ចាម ភាគច្រើនអះអាងថា ទោះតិចឬច្រើន ពួកគេត្រូវបង់ប្រាក់ឲ្យ ក្រុមគណះកម្មការផ្សារ ដើម្បីជាថ្នូរ នឹងការអាចលក់ដូរ នៅក្នុងផ្សារនេះបានដោយសុខស្រួល ។ ពួកគេលក់ក្រោមឆត្រ និងអ្នកខ្លះលក់តាមចិញ្ចើមផ្លូវលក់ដូរ ជារឿយៗ ត្រូវក្រុមគណះកម្មការផ្សារ ឬប៉ូលីសក្រុង ក្រោមបង្គាប់ លោក ចាន់ ផល្លី ចៅហ្វាយក្រុងកំពង់ចាម បណ្តេញឬចាប់លើកបន្លែប៉ផ្លាញចោល ក្រោមហេតុផលថា រៀបចំសណ្តាប់ធ្នាប់ «បើមិនបង់ លុយឲ្យទេ នឹងត្រូវក្រុមទាំងនេះ(សន្តិសុខ)ចាក់បន្លែចោលអស់ហើយ» ។

 

គេមិនដឹងច្បាស់ថា តើលោក ចាន់ ផល្លី ចៅហ្វាយក្រុងកំពង់ចាម មានការឃុបឃិតជាមួយ គណះកម្មការផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម ព្រលែងសន្តិសុខ អោយដើរទារលុយ ពីអ្នកលក់ដូរតាមកញ្ច្រែង-ល្អី-កញ្ជើ ប្រឆាំងនឹងសារាចរលេខ១១ របស់រាជរដ្ឋាភិបាល ព្រមទាំងអោយអ្នកអ្នកម៉ៅការផ្ញើម៉ូតូ យកលុយភាស៊ីម៉ូតូ១គ្រឿង១ពាន់រៀល ទៅ២ពាន់រៀល ដល់កម្រិតណានោះទេ? ទើបបណ្តោយអោយ គណះកម្មការផ្សារធំនិងផ្សារសាមគ្គី ធ្វើអ្វីៗតាមទំនើងចិត្តបែបនេះ៕

ប្រភពបញ្ជាក់ថា ប្រាក់ចំណូលក្នុង១ថ្ងៃៗមិនតិច១លាន ទៅ២លានរៀលក្នុង១ថ្ងៃ ហើយមិនដឹងចំណាយ លើស្អីនោះទេ ព្រោះមិនបានបង់ចូលថវិការខេត្ត-ជាតិ សូម្បីតែ១រៀល។

គួររំលឹកថា កាលពីបោះឆ្នោតជ្រើសរើស គណះកម្មការផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម គឺមន្ត្រីក្រោមបង្គាប់ និងរូបលោក ចាន់ ផល្លី ចៅហ្វាយក្រុងកំពង់ចាម មិនអនុញ្ញាតិអោយម្ចាស់ភាស៊ីចាស់ ចូលរួមដាក់ពាក្យ ជាបេក្ខជនឈរឈ្មោះបោះឆ្នោតគណះកម្មការផ្សារឡើយ ខុសពីផ្សារនានាក្នុងខេត្តកំពង់ចាម គឺអនុញាតិអោយម្ចាស់ភាស៊ីឆ្នាំចាស់ ឈរឈ្មោះ ជាបេក្ខជន។

ក្រុមអ្នកលក់ដូរតូចតាចតិចតួចដូចជា អ្នកលក់ខ្ទឹម អំបិល ម្ទេស ត្រីសាច់ តាម កញ្ច្រែង-ល្អី-កញ្ជើ តាមចិញ្ចើមថ្នល់និងនៅក្នុងផ្សារធំនិងផ្សារសាមគ្គី ក្រុងកំពង់ចាម ចង់ឃើញ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យនិងអនុវត្តន៍លប់បំបាត់ ការយក​ភាស៊ី​ ពី​អ្នកលក់ដូរ​តូចតាច (កញ្ច្រែង -ល្អី-កញ្ជើ) ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយក្តីអនុគ្រោះ។​

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published