ជំនឿ​ខុស​ទំនង ខាតបង់ ផុងខ្លួន បង់លុយ​អស់​ជិត​១​លាន​ដុល្លារ ទើប​ប្លឹ​ង​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ : គ្រូមន្តអាគម​អូមអាម​ប្ដី​ប្រពន្ធ​២​នាក់​ដែលជា​អ្នក​ស្នង​រូប​លោកយាយ​ម៉ៅ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​ញុះញង់​រៀប​គម្រោង​ឆបោក អ្នករកស៊ី​សង់ផ្ទះ​ល្វែង យកប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ នៅផ្ទះ​វីឡា​លេខ​៦ ផ្លូវ​Q០១ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ នា​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 

​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទី​១- ឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ពាណិជ្ជករ និង​ទី​២- ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៣៣​ឆ្នាំ ជា​ពាណិជ្ជករ អ្នក​ទាំងពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

 

​ចំ​ណែន​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១- ឈ្មោះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ជា​ប្តី និង​ទី​២- ឈ្មោះ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀក​) អាយុ​២៦​ឆ្នាំ​។ អ្នក​ទាំង​២ មាន​លំនៅ ក្នុងភូមិ​គ្រឹះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​។​

 

​យោងតាម​សម្តី​ជនរងគ្រោះ​ដែល​ប្រាប់​សមត្ថកិច្ច​ថា​ចាប់តាំងពី​ខែមករា ក្នុង​ឆ្នាំ​២០១៥ មកទល់​បច្ចុប្បន្ន គ្រាន់តែ​ថ្លៃ​ធ្វើ​កិច្ច «​ពោលគឺ​រៀបចំ​គ្រឿង​សំណែន​» គាត់​ចាញ់បោក​លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀក​) និង​ប្តី​ឈ្មោះ សុន ឆ័យ អស់​ទឹកប្រាក់​ចំនួន​ជាង​៣៥​ម៉ឺន​ដុល្លារ​ឯណោះ ជាពិសេស​នៅពេល​ធ្វើ​កិច្ច​ម្តងៗ លោកយាយ​គ្រូអូមអាម​បាន​ញុះញង់ ឲ្យ​គាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដោយ​ឲ្យ​ចោទថា​ប្រពន្ធ​កូន​ជា​បី​សាច​កាន់​ផ្កាឈូក​ខ្មៅ គឺជា​មនុស្ស​អាក្រក់ ហើយ​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​ឲ្យ​យក​ប្លង់ដី​ផ្ទះ​ទាំងអស់​ទៅ​ឲ្យ​គាត់​រត់ការ​ដាក់បញ្ចាំ យកប្រាក់​ទៅ​វិនិយោគ ធ្វើ​បុរី​នៅ​ខេត្តកំពង់ស្ពឺ ថែម​ទៀតផង​។​

 

​ជនរងគ្រោះ​បន្តថា​បាន​ស្គាល់ និង​មានការ​ទំនាក់​ទំនងជា​មួយ​គ្រូទាយ តាំងពី​ឆ្នាំ​២០១៥​មក រហូត​មានការ​លួងលោម​អូសទាញ​ឲ្យ​រៀបចំ​គ្រឿង​ដ​ង្វា​យ​ដាក់​លើ​អាសនៈ មានដូចជា ក្រដាសប្រាក់​២០​ដុល្លារ​ចំនួន​៣២​សន្លឹក​, ស្ករ​គ្រាប់​៣២​កំប៉ុង និង​ផ្លែឈើ​តម្លៃ​១៣៥​ដុល្លារ ទៀនធូប ស្លា​ម្លូ​ចំនួន​១២​ដុល្លារ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ ដោយ​ក្នុង​មួយ​សប្តាហ៍​អស់​ចំនួន​២៤៣៣​ដុល្លារ ព្រមទាំង​ឲ្យ​នាំ​ដើរលេង​ទៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ផងដែរ ដើម្បី​លើករាសី​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្តាហ៍​។​

 

​ជនរងគ្រោះ​បាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់ ដែល​យាយ​គ្រូ​បោក សរុប​ទាំងអស់​ចំនួន ប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​ក្នុងនោះ​ថ្លៃ​រៀបចំ​ធ្វើ​កិច្ច​ចំនួន ជាង​៣៥​ម៉ឺន​ដុល្លារ ថ្លៃ​ជើងសារ​១០​ភាគរយ​ជាង​៤២​ម៉ឺន​ដុល្លារ ព្រមទាំង​ថ្លៃ​នាំ​ដើរលេង ហើយ​រៀបចំ​គម្រោង​ឲ្យ​ធ្វើ​វិឡា អ​សនៈ​មានតម្លៃ ប្រមាណ​ជាង​១​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃដី​ជាង​២​ពាន់​ម៉ែត្រការ៉េ នៅ​ប៉ោយប៉ែត មានតម្លៃ​ប្រមាណ​២​លាន​ដុល្លារ និង​ផ្ទះ​៤​ល្វែង មានតម្លៃ​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​ផងដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែ មិនបាន​សម្រេច ដោយសារតែ​គាត់​ដឹងខ្លួន និង​បែកការណ៍​ទៅហើយ​។​

 

​ជនរងគ្រោះ​បាន​បន្ថែមថា លើសពីនេះ លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀក​) បាន​ណែនាំ​ប្តី​ឈ្មោះ សុន ឆ័យ ដែលមាន​ជំនាញ​ខាង​រកស៊ី​នៅ​សហរដ្ឋអាមេរិក ឲ្យ​ទទួលយក​តំណែង​ធ្វើជា​នាយក​ប្រតិបត្តិ គ្រប់គ្រង​បុរី​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​រៀបចំ​គម្រោង​ធ្វើ​កិច្ចសន្យា​ផ្តល់​កម្រៃជើងសារ ពី​ចន្លោះ​៥​ភាគរយ ទៅ​១០​ភាគរយ ក្នុង​ការលក់​ផ្ទះមួយ​ល្វែង​ជំនួស​ជនរងគ្រោះ ក្នុង​បំណង​លេប​ត្របាក់​ក្រុមហ៊ុន​ទាំងមូល​តែម្ដង​។​

 

​លើសពីនេះ​ទៀត​ឈ្មោះ សុន ឆ័យ បាន​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​តាម​ធានា​គារ ក្នុង​១​ខែ​១​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​គាត់​ជា​រៀងរាល់ខែ ស្មើ​ទឹកប្រាក់​ចំនួន ជាង​៤២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គាត់​មាន​សេចក្ដី​ទុក្ខ​ចិត្ត និង​ជឿជាក់​។ នៅពេលដែល​គាត់​ទាមទារ​ឲ្យ​បិទ​បញ្ជីរ ឈ្មោះ សុន ឆ័យ ជា​ប្ដី​គ្រូទាយ​មិន​ធ្វើ​ឡើយ ដោយ​យក​លេស​ថា ប្រពន្ធ​គាត់​ជា​អ្នកធ្វើ​ឲ្យ​ក្រុមហ៊ុន​ច្របូក​ប្របល់ និង​ឆ្កិះ​ឆ្កៀល​ឲ្យ​ដេញ​ប្រពន្ធ​កូន និង​បុគ្គលិក​ទាំងអស់​ចេញ ហើយ​រើស​បុគ្គលិក​ថ្មី និង​ឆ្លៀតឱកាស​ខ្លែង​ឯកសារ​ទិញ​ផ្ទះ​ដាក់ឈ្មោះ​បងប្អូន​របស់ខ្លួន និង​បង្គាប់​ឲ្យ​រៀបចំ​ធ្វើ​អ​សនៈ​ក្នុង​បុរី ដោយ​ដាក់ឈ្មោះ សុន ឆ័យ និង​ឈ្មោះ​ប្រពន្ធ​ជា​លោកគ្រូ​បោក តែ​ប្រហែលជា​ដល់​ថ្ងៃ​អស់​លក្ខ​ត្រឹមនឹង ព្រោះ​ត្រូវបាន​គាត់​ដឹងខ្លួន​ជាមុន​ទាន់ ទើប​ឈានទៅដល់​ការដាក់​ពាក្យបណ្តឹង សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែម្តង​។​

 

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published