យុវជន​ជា​អ្នកបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ ធ្នាប់​សាធារណៈ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ជាង​៩០​ភាគរយ បណ្តាល មក ពី​អ្នកបើកបរ​មានការ​ធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ក្នុងនោះ​អ្នកស្លាប់ ដែលមាន​អាយុ​១៥​ឡើងទៅ​ដល់​៤៩​ឆ្នាំ មាន​ចំនួន​រហូតដល់​៧៦​ភាគរយ​។​

 

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ ស្តីពី​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការប្រើប្រាស់​ផ្លូវ​ដោយ​សុវត្ថិភាព ដែល​ធ្វើ​នៅ​សណ្ឋាគារ​អាំង​ទ័​រ​កុងទីណង់តាល់ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បញ្ជាក់ថា មនុស្ស​ក្នុង​វ័យ​នេះ​តែង​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ប្រើប្រាស់​ទូរស័ព្ទដៃ កាន់​ចំណីអាហារ​ទទួលទាន ជជែក​លែង​សប្បាយ​ក្អាកក្អាយ ស្តាប់​កាស​ចម្រៀង និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

 

​លោកស្រី មឹន មាណវី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍ថា ការប្តូរ​ឥរិយាបថ​ក្នុងពេល​បើកបរ​យានយន្ត នឹង​ជួយ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​រាច​រណ៍ និង​អ្នកស្លាប់ ឬ​របួស ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។ លោកស្រី បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល កំពុង​រួមគ្នា​បំផុស​ឲ្យ​យុវជន​ក្លាយជា​គំរូ ក្នុងការ​កែប្រែ​ឥរិយាបថ​យកចិត្តទុកដាក់ ក្នុងការ​បើកបរ​ដើម្បី​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ ដោយសារតែ​ពួកគេ​គោលដៅ​ងាយ​រងគ្រោះថ្នាក់​ចរាចរ​ណ៍​។​

 

​របាយការណ៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ដែល​កើតឡើង​បណ្តាលមកពី​ការធ្វេសប្រហែស បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ និង​មូលហេតុ​ផ្សេងៗ​ទៀត បានសម្លាប់​មនុស្ស​សរុប​១៣៥៧​នាក់ ក្នុងនោះ​យុវជន​ដែល​ប្រើប្រាស់​មធ្យោបាយ​តាម​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៧៦​ភាគរយ បើកបរ​លើស​ល្បឿន​កំណត់​ចំនួន​៣៦​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព​១៧​ភាគរយ មិន​ប្រកាន់​ស្តាំ​១៥​ភាគរយ វ៉ា​ជែង​១០​ភាគរយ បត់​១០​ភាគរយ ស្រវឹង​៧​ភាគរយ យានយន្ត​ខ្វះ​បច្ចេក ទេស​៧​ភាគរយ និង​ងងុយ​១​ភាគរយ​។​

 

​លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ការប្តូរ​ឥរិយាបថ​នៃ​ការបើកបរ និង​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ នឹង ជួយសង្គ្រោះ​ជីវិត​មនុស្ស​ពី​ការស្លាប់ និង​រងរបួស​ឲ្យ​ធ្លាក់​មក​នូវ​កម្រិត​ទាប​។ លោក​បាន​ឲ្យ​ដឹងថា តាមរយៈ​កម្មវិធី​អប់រំ​អំពី​«​ការប្រើប្រាស់​ផ្លូវ​ដោយ​សុវត្ថិភាព​» ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅតាម​សាលារៀន សហគមន៍​រហូតដល់​ដំណាច់ឆ្នាំ​២០១៨ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ផ្លូវ​វ័យក្មេង ប្រជាពលរដ្ឋ និង​សិស្សសាលា បាន​យល់ដឹង​ច្បាស់​ពី​ការបើកបរ​យានយន្ត​ប្រកបដោយ​សុវត្ថិភាព​។​

 

​យោងតាម​ទិន្នន័យ​ពី​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ ឆ្នាំ បានបង្ហាញ​ដែរ​ថា យុវជន​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៩​ឆ្នាំ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ញឹកញាប់​នៅលើ​ដងផ្លូវ​។ ក្រុម​អ្នកជំនាញ បាន​រកឃើញថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​មនុស្ស​វ័យ​ជំទង់ និង​វ័យ​កំពុង​ពេញ​ពលកម្ម ចាប់ពី​អាយុ​១៥​ឡើងទៅ​ដល់​៤៩​ឆ្នាំ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published