តើ​អ្នកនឹង​ទទួលបាន​លទ្ធផល​អ្វី នៅពេល​អ្នក​ទុកចិត្ត​និង​លម្អៀង​ទៅលើ​បទពិសោធន៍​ខ្លួនឯង​ដើម្បី​ធ្វើការ​សម្រេចចិត្ត​?

, , Leave a comment

​នៅពេល​ត្រូវធ្វើ​ការសម្រេចចិត្ត​រឿងរ៉ាវ​សំខាន់​អ្វីមួយ បទពិសោធន៍​ដែល​អ្នក​ធ្លាប់​ដើរ​ឆ្លងកាត់​រួចមក​ពិតជា​មាន​ប្រយោជន៍​ជាខ្លាំង​ក្នុងការ​ជ្រើសរើស​ថា​តើ​គួរតែ​ឆ្លើយតប​ជាមួយនឹង​ស្ថានការណ៍​ណាមួយ​ដោយ​របៀប​ណា​។ បទពិសោធន៍​កាលពីមុន​អាចជួយ​អ្នក​ឲ្យ​បញ្ចៀស​ពី​កំហុសឆ្គង​ដែល​អាច​កើតឡើង​ក្នុង​ពេលនេះ​ម្ដងទៀត​។ ការគិត​វិភាគ​ល្អិតល្អន់​គ្រប់​ជ្រុង​ក្នុង​ស្ថានការណ៍ ត្រូវការ​ថាមពល​រប​ស់​ខួរក្បាល​អ្នក​ច្រើន​និង​ទាមទារ​ឲ្យ​អ្នក​ហ្វឹកហាត់​ប្រើប្រាស់​សមត្ថភាព​ក្នុង​ការគិត​វិភាគ ប៉ុន្តែ​ដោយសារតែ​មានបទពិសោធន៍ អ្នក​មិនសូវ​ត្រូវ​ចំណាយ​ថាមពល​ម្ដងទៀត​ទៅលើ​ថា​តើ​ត្រូវ​សម្រេចចិត្ត​ដោយ​របៀប​ណា​ទើប​ល្អ​ទៀត​នោះទេ​។ ប៉ុន្តែ មិនមែន​គ្រប់​ស្ថានការណ៍​ដែល​អ្នក​ធ្លាប់​ជួបប្រទះ​ហើយ​ទាំងអស់ ត្រូវ​ពឹងផ្អែក​ទៅលើ​បទពិសោធន៍​របស់​អ្នក​បែបនេះ​ទាំងអស់​នោះទេ​។​

 

​ជាការ​ពិតណាស់ ការណ៍​ដែលមាន​បទពិសោធន៍​រួចហើយ​អាចជួយ​ឲ្យ​អ្នកធ្វើ​ការសម្រេច​ចិត្តបាន​ដោយមាន​ប្រសិទ្ធភាព និង​ចំណាយពេល​តិច​និង​ថាមពល​តិចជាង​ការណ៍​ដែល​អ្នក​មិន​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​នៅក្នុង​ស្ថានការណ៍​ណាមួយ​រួចមក​។

 

ការសម្រេចចិត្ត​ដោយ​ផ្អែកទៅលើ​បទពិសោធន៍​អាចជួយ​ឲ្យ​អ្នក​ចៀស​ផុតពី​ស្ថានការណ៍​គ្រោះថ្នាក់ នៅពេលដែល​ព័ត៌មាន​ពី​ស្ថានការណ៍​បែបនេះ​មិនសូវមាន​ច្រើន ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ភ្លាមៗ ផ្អែកទៅលើ​បទពិសោធន៍​កាលពីមុន​ដូចជា​ពេល​អ្នក​មើលទៅ​ជុំវិញខ្លួន​ដូចជា​មិនសូវ​ស្រួល ហើយ​អ្នក​ក៏​សម្រេចចិត្ត​រត់គេច​ចេញ​ជាបន្ទាន់​ដើម្បី​ស្វែងរក​សុវត្ថិភាព​។​

 

​យ៉ាងណាមិញ បុរស​A​ដែល​កំពុងតែ​កាន់​កាំបិត​នៅក្បែរ​បុរស​B​ម្នាក់ទៀត​ដែល​បាន​ដេកស្លាប់​និង​មាន​ឈាម​ហូរ​ជាច្រើន មិនមែន​សុទ្ធតែ​បញ្ជាក់ថា​គឺ​បុរស​A​នេះឯង​ដែល​សម្លាប់​បុរស​B​ឲ្យ​ស្លាប់​នោះ ក៏​ព្រោះ​តែមាន​ភស្តុតាង​ថា​បុរស​A​មានកាំបិត​នៅក្នុង​ដៃ​ប្រឡាក់​ដោយ​ឈាម​។ ពិតមែន​ហើយ​អ្វីដែល​អ្នក​ឃើញនឹងភ្នែក​គឺ​ពិតជា​មិន​ខុស​នោះទេ ដែល​បុរស​A​កាន់​កាំបិត​ពិតជា​កាន់​កាំបិត​នៅក្បែរ​មនុស្ស​ស្លាប់​មែន​។​

 

​ប៉ុន្តែ ចុះបើ​ចោរ​ម្នាក់ទៀត​ជា​អ្នក​សម្លាប់​បុរស​B​វិញ ហើយ​បុរស​A​ដែល​បាន​ដើរមក​ដល់​ឃើញ​ស្ថានការណ៍​បែបនេះ ក៏បាន​យក​កាំបិត​នៅ​ជិត​ខ្លួន​ចាក់​សម្លាប់​ចោរ​ដែល​កំពុងតែ​ធ្វើបាប​បុរស​A​ដែល​កំពុងតែ​ស្ថិតក្នុង​គ្រោះថ្នាក់ ប៉ុន្តែ​ជា​អកុសល​ចោរ​ក៏បាន​សម្រេច​ក្នុង​ការចាក់សម្លាប់​បុរស​A ហើយក៏​រត់គេចខ្លួន​បាត់​ទៅ បន្សល់ទុក​នូវ​ស្ថានការណ៍​ចុងក្រោយ​ដែល​អ្នកឃើញ​និង​ចោទ​បុរស​A​ជា​អ្នក​សម្លាប់​បុរស​B​។​

 

​បទពិសោធន៍​របស់​អ្នក​ប្រាប់ថា​ឲ្យ​តែ​ឃើញ​នរណា​កាន់​កាំបិត​ក្បែរ​មនុស្ស​ស្លាប់​ហើយ​មានតែ​ពួកគេ​២​នាក់​ប៉ុណ្ណោះ​ក្នុង​ហេតុការណ៍​មួយ​នោះ នោះ​គឺ​មានតែ​អ្នក​កាន់​កាំបិត​នេះឯង​ដែលជា​ឃាតក​សម្លាប់​អ្នក​ដែល​បាន​ស្លាប់​នោះ​។ ប៉ុន្តែ​ស្ថានការណ៍​ជាក់ស្ដែង​ដែល​កើតឡើង​នៅ​ជុំវិញខ្លួន​អ្នកភាគច្រើន គឺ​មិនមែន​សុទ្ធតែ​អាច​ប្រើ​បទពិសោធន៍​ដើម្បី​មក​ធ្វើការ​វិនិច្ឆ័យ វាយតម្លៃ និង​ស្វែង​រកស​និង​ខ្មៅ ខុស​និង​ត្រូវបាន​ដោយ​សើៗ​បែបនេះ​នោះទេ​។ មនុស្ស​ក៏ដោយ ស្ថានការណ៍​ក៏ដោយ សុទ្ធតែ​ត្រូវ​ទាមទារ​ការសិក្សា​ស្វែងយល់ វិភាគ និង​សម្លឹងមើល​ឲ្យ​បាន​ច្រើន​ជ្រុង​របស់​រឿង មុននឹង​សម្រេចចិត្ត​វាយតម្លៃ​ទៅលើ​អ្វីមួយ​ថា​ខុស​ឬ​ត្រូវ​នោះ​។​

 

​ជា​ញឹកញាប់​ណាស់​ដែល​ញាណ​របស់​អ្នក អ្វីដែល​អ្នកឃើញ​នឹង​ផ្ទាល់​ភ្នែក អ្វីដែល​អ្នក​ឮ​ផ្ទាល់​នឹង​ត្រចៀក​អស់ទាំងនោះ បាន​បោកប្រាស់​អ្នក បន្លំ​អ្នក​ឲ្យ​មើល​ការពិត​យ៉ាង​ខុសឆ្គង ហើយ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នោះ​គឺ មនុស្ស​យើង​ជាទូទៅ​រស់នៅ​ពេញ​មួយជីវិត​ដោយ​ប្រើប្រាស់​របៀប​នៃ​ការគិត​បែបនេះ ដែល​ទុកចិត្ត​និង​លម្អៀង​ទៅលើ​បទពិសោធន៍​របស់ខ្លួន​ឯង​ជាជាង​ចំណាយពេល​យូរ​បន្តិច​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​មនុស្ស​និង​ស្ថានការណ៍​ឲ្យ​បាន​ស៊ីជម្រៅ ដែល​អាច​ឲ្យ​ពួកគេ​រកឃើញថា​ការពិតជា​អ្វី​ពិតប្រាកដ​បាន​៕

​ដោយ​៖ ស្រី​ពៅ​

ប្រភព ប៊ីអាយហ្ស៊ីខ្មែរ

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published