ឆ្កួត​សម័យ​ឥឡូវ​

, , Leave a comment

ពាក្យចាស់​លោក​ពោលថា ឆ្កួត​មាន ៣ ស្រី ស្រា និង​ល្បែង ឆ្កួត​ទាំង ៣ យ៉ាងនេះ ដឹកនាំ​មនុស្សលោក​យើង​ឲ្យ​ធ្លាក់​នរក​ទាំង​រស់​ពិបាក​នឹង​កែ​ស្រោចស្រង់​វិញ​បាន​ណាស់​ប្រសិនបើ​យើង​ញៀន​នឹង​វា​ហើយ​នោះ​។ ប៉ុន្តែ​ក្នុង​ទីនេះ​ខ្ញុំ​សូម​មិន​លើកយក​ឆ្កួត​ទាំងបី​នេះ​មក​បកស្រាយ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​លើកយក​ឆ្កួត​៥​យ៉ាង​ផ្សេងទៀត​មក​បកស្រាយ​ក្នុង​ទីនេះ​។ ឆ្កួត​ទាំង​៥​នោះ​គឺ ឆ្កួត​នឹង​ស​ម្ជ​ស្ស ឆ្កួត​នឹង​ទ្រព្យសម្បតិ្ត ឆ្កួត​នឹង​បុណ្យ ឆ្កួត​នឹង​យស និង​ឆ្កួត​នឹង​ស័ក្តិ​។​

30-6-2015 (2)

​ឆ្កួត​នឹង​ស​ម្ជ​ស្ស ឆ្កួត​នេះ​សព្វថ្ងៃ​កំពុងតែ​ពេញនិយម​ខ្លាំងណាស់ ចំពោះ​យុវជន​មួយចំនួន​មិន​ថា​នៅ​ខ្មែរ ឬក៏​នៅលើ​ពិភពលោក​នេះនោះ​ទេ​ហេតុតែ​ចង់​ស្អាត​ល្អ​ខ្លាំងពេក គេ​បាន​ចំណាយ​ប្រាក់ ទ្រព្យធន ដែល​ខ្លួន​មាន​យកទៅ​កែស​ម្ជ​ស្ស ឬក៏​ទិញ​របស់​ទាំងអស់​នោះមក​កែច្នៃ​ទាំង​ដឹងថា របស់​ទាំងអស់នោះ​ជា​វត្ថុ​ដែលមាន​ផលប៉ះពាល់​ដល់​សុខភាព​ខ្លួន ព្រមទាំង​អាច​បណ្តាល​ឲ្យ​ខ្លួន​ស្លាប់​ទៀតផង​ក៏មាន​។ តែ​បញ្ហា​ទាំងអស់នេះ​ពួកគេ​មិនបាន​យកចិត្តទុកដាក់ និង​ខ្វល់​ជាមួយ​ទេ​តែ​ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​ស្អាត​បានល្អ​។​
​មនុស្ស​គ្រប់រូប​សុទ្ធតែ​ចង់​ស្អាត​ចង់​ល្អ ប៉ុន្តែ​មាន​អ្នកខ្លះ​មានការ​ល្អ​ចង់​ស្អាត ចង់​ហួសហេតុ​ពេក​ដោយ​ភ្លេច​គិត​អំពី​សុខភាព​និង​ផលប៉ះពាល់​របស់​វា​ទើប​ហៅថា​ឆ្កួត​ដូច្នេះ​។ ការ​ឆ្កួត​បែបនេះ ប្រសិនបើ​មាន​សត្រូវ​ចង់​បំផ្លាញ​ធនធានមនុស្ស​ឬ​វប្បធម៌​ខ្មែរ​យើង គេ​មិនបាច់​ធ្វើសង្គ្រាម​ទេ​គ្រាន់តែ​នាំចូល​នូវ​ផលិតផល​ទាំងអស់នេះ មក​ពង្វក់ស្មារតី ក៏​អាច​កម្ចាត់​កូន​ខ្មែរ​មួយចំនួន​បានដែរ​។​

​ឆ្កួត​នឹង​ទ្រព្យសម្បត្តិ ការ​ឆ្កួត​នឹង​ប្រាក់ ទ្រព្យសម្បត្តិ​នេះ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ភ្លេច​ពី​សីលធម៌ គុណធម៌​របស់ខ្លួន​។ ព្រ​ទ្យ​សម្បត្តិ គឺជា​របស់​ល្អ​និង​មានតម្លៃ​មួយដែល​អាចធ្វើ​ឲ្យ​មនុស្ស​យើង ​រស់​នៅបាន​ស្រួល ​ប្រសិនបើ​មាន​ទ្រព្យ ធន គ្រប់គ្រាន់​។ ប៉ុន្តែ​ប្រសិនបើ​យើង​ឆ្កួត​ឈ្លក់​វង្វេង​នឹង​ទ្រព្យសម្បត្តិ​នេះ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែលជា​អំពើ​ខុសច្បាប់ សង្គម​និង​សាសនា​ទៀតផង​។​

​ទ្រព្យសម្បត្តិ​អាច​ទិញ ឬ​បញ្ជា​មនុស្ស​មួយចំនួន​ធ្វើ​អ្វីៗ​បាន​រហូតដល់​បញ្ជា​អ្នក​ឆ្កួត​នឹង ទ្រព្យសម្បត្តិ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ថោកទាប គ្រប់យ៉ាង មាន​អំពើ កាប់សម្លាប់​លួច​ប្លន់ កេ​ញ​ប្រវ័ញ្ច ជិះជាន់ បំផ្លាញ​ទ្រព្យសម្បត្តិ​ធនធាន​ដែល​ខ្មែរ​យើង​មាន ដូចជា បំផ្លាញ​ព្រៃឈើ បឹង​ទន្លេ ធនធាន​រ៉ែ ប្រាសាទ​ជាដើម​។ ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយក្បត់ជាតិ ​ដោយសារតែ​អំណាច​មហិច្ឆតា លោភ លន់​ គ្មាន​ដែន​កំណត់​របស់ខ្លួន ។​

​ឆ្កួត​នឹង​បុណ្យ ការ​ឆ្កួត​នឹង​បុណ្យ​នេះ គឺ​ការធ្វើ​បុណ្យទាន​ដែល​មិន​ប្រកបដោយ​បញ្ញា ដោយ​កម្លាំង​ធនធាន​ដែល​ខ្លួន​មាន​។ មាន​មនុស្ស​មួយចំនួន​ពេលដែល​ខ្លួន​នៅ​ក្មេង​មិន​គិត​ខំប្រឹងប្រែង​ធ្វើ បុណ្យទាន​សាង​កុសលផល​ទាន​និង​ធ្វើអំពើ​ល្អ​ដល់​ខ្លួនឯង​និង​ជាតិ​ឡើយ គឺ​គិតតែ​ស្វែងរក​នូវ​ទ្រព្យធន​ដើម្បី​ចិញ្ចឹមជីវិត ទោះបីជា​ការខិតខំ​នោះ ជា​អំពើ​ថោកទាប អំពើ​កេង​ប្រ​វ័​ញ​ពី​អ្នកដទៃ​ក៏​មិន​គិត​ដែរ​ធ្វើយ៉ាងណា​ឲ្យ​តែ​បាន ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​មាន​អ្នកខ្លះ ធ្វើបុណ្យ​ដើម្បី​ចំណេញ​ជា​មុខ​ជំនួញ​របស់​ខ្លួនឯង​ទៀតផង ការធ្វើ​បុណ្យ​ដើម្បី​តែ​ប្រាក់​កាក់​ចំណេញ​ដូច្នេះ មិនបាន​បុណ្យ​ទេ ហើយ​ថែមទាំង​បាន​បាប​ទៀតផង ដោយសារ​ការ​លោភលន់​របស់ខ្លួន​។ ការដែល​ស្វែងរក​ទ្រព្យសម្បត្តិ​ចិញ្ចឹមជីវិត​ដោយ​សមា​ជី​វោ​នោះ​វា​មិន​អី ទេ តែ​ក្នុង​ទីនេះ សំដៅ​អ្នក​ដែល​ចិញ្ចឹមជីវិត ដោយ​អំពើ​ថោកទាប លួច​ប្លន់ កេង​ប្រ​វ័​ញ​ជិះជាន់​អ្នកដទៃ​ជាដើម​។ ក៏ប៉ុន្តែ​នៅពេលដែល​ខ្លួនឯង​ចាស់​ទើប​ខិតខំ​ប្រឹងប្រែង​ធ្វើបុណ្យ ធ្វើ​ទាន ទាំង​ដែល​ខ្លួនឯង​ឈឺ​គ្មាន​កម្លាំង​គ្រប់គ្រាន់​ផង​។​

​មាន​មនុស្ស​ចាស់ៗ​មួយចំនួន នៅពេលដែល​កូនចៅ​របស់ខ្លួន ជូន​ប្រាក់កាស​ដើម្បី​ទិញ​ចំណីអាហារ​ហូប ដើម្បី​ឲ្យ​មាន​កម្លាំង ពួកគាត់​បែរជា​មិន​ហ៊ាន​ចាយវាយ​ទេ ទុក​សម្រាប់​យកទៅ​ធ្វើបុណ្យ​ទាំង​ដែល​ខ្លួនឯង​គ្មាន​កម្លាំង​ពលំ គ្រប់គ្រាន់​។ ពេលខ្លះ​ទង្វើ​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ឆាប់​ស្លាប់​ដោយសារតែ​ការហូបចុក​មិន​គ្រប់គ្រាន់​។ ការធ្វើ​បុណ្យទាន​ជា​រឿង​ល្អ​តែ​សូម​ធ្វើ​ប្រកបដោយ​បញ្ញា​ទើប​ជាការ​ល្អ​។​

30-6-2015 (1)

​ឆ្កួត​នឹង​យស មាន​មនុស្ស​មួយចំនួន ដែលមាន​កិត្តិយស មិន​យក​កិត្តិយស​នោះមក​បម្រើ​ក្នុងសង្គម​ជាតិ​ឲ្យ​រីកចម្រើន និង​មានមុខមាត់​ទេ បែរជាយក​កិត្តិយស​របស់ខ្លួន​ជិះជាន់​អ្នកដទៃ​ទៅវិញ​។ ទាំងនេះហើយ​ដែល​ហៅថា ឆ្កួត​នឹង​កិត្តិយស​របស់ខ្លួន​។​

​ឆ្កួត​ស័ក្តិ សម្ដៅ​ទៅលើ​មនុស្ស​មួយចំនួន ​ដែល​វង្វេង​នឹង​ស័ក្តិ​របស់ខ្លួន​ហ៊ាន​ធ្វើបាប​គេឯង​ទាំង​បំពាន​។ មាន​អ្នកខ្លះ​បាន​យក​រូបថត​អ្នកមានអំណាច​មក​តាំង​ទុក​ក្នុងផ្ទះ ដើម្បី​បង្អួត​សម្ញែង​អ្នកដទៃ​ឲ្យ​ខ្លាច​។ បើ​គ្រាន់តែ​ថត​ជាមួយ​អ្នក​ដែលមាន​អំណាច ដើម្បី​ទុកជា​អនុស្សាវរីយ៍​នោះ​មិនមែន​ហៅថា​ឆ្កួត​នឹង​ស័ក្តិ​ទេ តែ​ក្នុង​ទីនេះ​សម្ដៅលើ​អ្នក​ដែល​ចង់បង្ហាញ​អំណាច​ឲ្យ​អ្នកដទៃ​គោរព កោតខ្លាច​ប៉ុណ្ណោះ​។​

​អ្នកខ្លះ​មាន​លុយ​ច្រើន​មិន​គិត​យកទៅជួយ​ជាតិ​ទេ តែ​បែរជា​យកទៅ​ទិញ​ស័ក្តិ​មក​ពាក់ ដើម្បី​បង្ហាញថា​ខ្លួន​មានអំណាច​ មិនមាន​អ្នកណា​មក​បំពាន​ខ្លួន ឯងបាន​។ ម្យ៉ាងទៀត​ក្នុងសម័យ​នេះ​ជា​សម័យ​ទំនើប ទោះបី​មិនបាន​ថត​ជាមួយ​អ្នកមានអំណាច​ក៏ដោយ​ តែ​គេ​អាច​យក​រូបថត​គេ​មក​កាត់ត​ដាក់​ជាមួយ​ខ្លួន​ដើម្បី​បង្ហាញ​គេ​ថា ខ្លួនឯង​អស្ចារ្យ​បានដែរ​។​

​ឆ្កួត​ក្នុង​ទីនេះ​សម្ដៅ​ទៅលើ​មនុស្ស​ដែល​គ្រប់គ្រាន់​ហើយ តែមាន​ចិត្តគំនិត​លោភលន់​ចង់បាន​មិនចេះចប់​ស្កប់ស្កល់ តែបើ​គ្រាន់តែ​ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត និង​ការរស់នៅ​ឲ្យ​មាន​ភាពថ្លៃថ្នូរ នោះ​ជា​អំពើ​ដែល​យើង​ត្រូវគោរព និង​ឲ្យ​តម្លៃ​។ ខ្ញុំ​មិនដឹងថា ការនិយាយ​នេះ​ត្រូវ ឬ​ខុស​ទេ តែ​គ្រាន់តែ​ជា​យោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​តែប៉ុណ្ណោះ​បើ​ខុស​ទាស់ យ៉ាងណា​មេត្តា​អធ្យាស្រ័យ​ផង​៕

30-6-2015

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published