ព្រះរាជអាជ្ញារង លោក សំរិទ្ធ សុខុន ស្រវឹងស្រា​បើកឡាន​បុក​មនុស្ស​ស្លាប់​មិនបាច់​ជាប់គុក​ទេ​?

, , Leave a comment

​ខេត្តសៀមរាប : រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ថ្នាក់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ គឺជា​ប្រធានបទ​ដ៍​ក្តៅគគុក​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ចំណាត់​ការមិន​ប្រក្រតី​របស់​មន្ត្រី​ប៉ូលិសចរាច​រណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៦​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៦ មុខផ្ទះ​សំណាក់ លាង​ឆាយ​ហុង ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្ត​-​ក្រុង​សៀមរាប​។​

 

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ជនបង្ក ឈ្មោះ សំរិទ្ធ សុខុន មុខរបរ​ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប បើករថយន្ត​ម៉ាក LX ៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២M ៨៦ ៧៧ បើកបរ​ម្នាក់ឯង​មកពី​លិចទៅ​កើត ក្នុងស្ថានភាព​ស្រវឹង បាន​បុក​ជាមួយ​ម៉ូតូ​ជិះ បញ្ច្រាស់ទិស​គ្នា ជាប់​ទាំង​មនុស្ស និង​ម៉ូតូ មាន​គ្នា​២​នាក់ ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ប៉ុន្តែ​ជនបង្ក​នៅតែ​ខំ​បើក​រត់​ទៀត​។ ខណៈពេល​នោះ​ត្រូវបាន​ពលរដ្ឋ​ដេញតាម នាំគ្នា​ដាក់​ម៉ូតូ​ឡោម​ព័ន្ធ​ជាប់ ព្រមទាំង​បាន​ស្វាគមន៍​ម្នាក់​១​ដៃ ម្នាក់​១​ជើង តែ​សំណាងល្អ សមត្ថកិច្ច​ទៅដល់ នាំខ្លួន​ទាំង​មនុស្ស និង​រថយន្ត​បង្ក​មក​កន្លែង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​។​

 

​លោក ជឹម សុវណ្ណ ប្រធាន​នគរបាល​ចរាច​រណ៍​ក្រុង​សៀមរាប​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​របស់លោក សុខុន បាន​អូស​ម៉ូតូ និង​អ្នកបើក​ម៉ូតូ​ជិត​១០០០​ម៉ែត្រ ខណៈ​កំពុង​ព្យាយាម​រត់គេច​ពី​កន្លែងកើតហេតុ​។ ចំពោះ​ជនរងគ្រោះ​ទាំង​២​នាក់ ម្នាក់​ស្លាប់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករបួសធ្ងន់​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ទាំងយប់ ខណៈ​មាន​ក្រុម​តុលាការ​មក​ធានា​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។​

 

​សូម​រម្លឹក​​ថា ស្ថាប័ន​តុលាការ​កំពុងតែ​រង់​ការរិះគន់​ថា​មាន​ស្តង់ដា​ពីរ​ផង ឥលូវ​នេះ​ប្រជាពលរដ្ឋ​កំពុងតែ​តាមដាន​មើលថា​តើ​តុលាការ​ស្រុក​ខ្មែរ​ពិត​ជាមាន​ស្តង់ដា​ពីរ​មែនឬ​យ៉ាងណា​? ខណៈដែល​ប្រជាពលរដ្ឋ​ធម្មតា​បុក​គេ​ស្លាប់​ត្រូវ​ជាប់គុក ចំណែកឯ​ព្រះរាជអាជ្ញា​បុក​គេ​ស្លាប់​បែរជា​គ្មាន​ទោស​ទៅវិញ​។​

 

មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចែងថា ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទបញ្ញត្តិ​ស្ដី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​អ្នកដទៃ​មាន​របួស ហើយ​អ្នករងគ្រោះ​អសមត្ថភាព​ធ្វើការ ស្មើ ឬ​លើសពី​៨​ថ្ងៃ​គិតពី​ថ្ងៃកើតហេតុ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។

 

​មាត្រា ដដែល បានបញ្ជាក់​ទៀតថា បទល្មើស​ខាងលើ អាច​ត្រូវ​ផ្ដន្ទាទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា ៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ​។​

 

​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៣ ដែល ក៏បាន​បញ្ជាក់ទៀតថា​អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១៥​លាន​រៀល បើ​អំពើ​នេះ​ប្រព្រឹត្ត​ក្នុងករណី​ដូចជា បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​មាន​បណ្ណ​បើកបរ​តែ​មិនត្រូវ​តាម​ប្រភេទ​យានយន្ដ​។ អ្នកប្រព្រឹត្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម ក្នុង​មួយ​លី​ត​ឈាម​ឡើងទៅ​។ មាន​របួស​មនុស្ស​ច្រើន​នាក់ ហើយ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ក្នុង​បំណង​គេចវេស​ពី​ការទទួលខុសត្រូវ​។

 

​ចំពោះ​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា ៨៣​នេះ ទោស​បន្ថែម​អាច​ត្រូវបាន​ប្រកាស​ហាម​ប្រកប​វិជ្ជាជីវៈ បើ​បទល្មើស​នេះ ប្រព្រឹត្ត​នៅក្នុង​ព​លេ​ប្រកប​វិជ្ជាជីវៈ ឬ​នៅ​ក្នុងឱកាស​នៃ​ការប្រកប​វិជ្ជាជីវៈ​នេះ​ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥​ឆ្នាំ​យ៉ាងច្រើន​។ ហាម​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន និង​ព្យួរ​លិខិត​បើកបរ​រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន​

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published