មន្ត្រីយោធាឈ្មោះ ថន ប៊ុនធី ហៅ ធីបាញ់ យកស្បែក យោធា ទៅរកស៊ីដឹកឈើប្រណិតកក្រើកភូមិភាគឥសាន្ត គ្មាននរណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា លោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់បានដឹកជញ្ជូនឈើសឹងរាល់យប់ គឺដឹកឈើប្រណិត ចេញពីតំបន់រលួសឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តក្រចេះ និងស្រុកស្នួល ឆ្ពោះទៅកាន់ ប្រទេសវៀតណាម តាមច្រកវ៉ាលឺ ស្រុកស្នួល ឬតាមចាន់មូលស្រុកមេមត់ យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ ដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើ។

 

សេចក្តីរាយការណ៍បន្តទៀតថា សព្វថ្ងៃនេះលោកសក្តិ៥ ថន ប៊ុនធី ហៅធី បាញ់ ប្រើស្បែកជាយោធា ដឹកជញ្ជូនរាល់ថ្ងៃ-យប់ ត្រូវបានគេអះអាងថា លោកគ្រាន់ តែជាអ្នកស៊ីឈ្មួលរត់ការបើកផ្លូវជាមួយសមត្ថកិច្ចតែប៉ុណ្ណោះ ហើយឈើទាំងនេះគឺជារបស់ថៅកែស្រីល្បីឈ្មោះនៅខេត្តក្រចេះរកស៊ីហ៊ុនជាមួយមេសមត្ថកិច្ចពាក់ផ្កាយ តែម្ចាស់ឈើមិន ចេញមុខរត់ការខ្លួនឯងទេ ដោយខ្លាចប៉ះពាល់ដល់កិត្តិយសព្រោះខ្លួនជាមេមន្ត្រីខាងបង្ក្រាប បែរជាលួចរកស៊ីបទល្មើសទៅ វិញ ទើបពឹងឱ្យគាត់ជួយរត់ការ ជំនួសទៅ វិញ។

ឈើទាំងនោះភាគច្រើនជាប្រភេទឈើសុក្រំនិងឈើធ្នង់ ដឹកចេញពីស្រុកសំបូរ តាមរថយន្តឡើងមកខេត្តក្រចេះ ឆ្ពោះទៅប្រទេស វៀតណាម គឺមិនលោះថ្ងៃ ណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ឬខ្យល់ព្យុះក៏លោក ធី បាញ់ នៅ តែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ សមត្ថកិច្ចនិងមន្ត្រីជំនាញ ពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬ ហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់លោក ធីបាញ់ នោះទេ ជាពិសេស គឺជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះនិងសមត្ថកិច្ចឈរជើងតាមដងផ្លូវ គឺទី១ ដោយ សារតែលោក ធី បាញ់ មាន លុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ធី បាញ់ មានស្បែកជាយោធានិងមានថ្នាក់លើ របស់គាត់ពាក់ផ្កាយបីជួយជ្រោមជ្រែង។

 លោក ធី បាញ់ មានក្របខ័ណ្ឌជាមន្ត្រីយោធា ពាក់ស័ក្តិ៥ និងជាជំនួយការផ្ទាល់របស់លោកផ្កាយ៣ម្នាក់ ហើយគេមិនច្បាស់ទេថាតើក្នុង មួយខែៗ លោក ធី បាញ់ បានផ្តល់ ផលប្រយោជន៍យកទៅជូនលោកផ្កាយ៣ម្នាក់នោះ ប៉ុន្មានម៉ឺនដុល្លារនោះទេ បាន ជាលោក ធី បាញ់ អាចយកស្បែកជាយោធា និង យកងារជាទីប្រឹក្សារបស់លោកផ្កាយ ៣ម្នាក់នោះទៅពង្រឹងពង្រីក មុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់ តែអនាធិបតេយ្យខ្លាំងឡើង។

 

គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ ការដឹកជញ្ជូនឈើខុស ច្បាប់ របស់លោក ធី បាញ់ បានឬក៏អត់ព្រោះភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើប្រណិត តាមរថយន្ត ចេញពីតំបន់រលួស ឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ ស្រុកស្នួលឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលលោក ធី បាញ់ កំពុងធ្វើនៅពេលនេះមានទំហំធំធេង និងព្រហើនបំផុត ចំពោះការរឹត បន្តឹងរបស់រាជ រដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យរបស់លោក ធី បាញ់ ឡើងវិញជាបន្ទាន់កុំឲ្យប្រជាពលរដ្ឋ រិះគន់ថា ព្រោះតែសំអាងលើស្បែក ជាយោធានិងអាងមានការបើក ដៃពី ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងសមត្ថកិច្ច តាមដងផ្លូវ នោះ ធី បាញ់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published