គណបក្សប្រឆាំង​អាច​នឹង​បាត់​អាសនៈ ក្រោយពេល​សភា​វិសោធនកម្ម​ច្បាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : សំណើ​វិសោធនកម្ម​ច្បាប់ ដែល​នឹង​ត្រូវយក​អាសនៈ​របស់​គណបក្ស​ត្រូវ​រំលាយ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងទៀត កំពុង​ត្រូវបាន​អ្នកច្បាប់​របស់​រដ្ឋសភា​ជាតិ​ពិនិត្យ​មុននឹង​សម្រេច​ជា​ឯកច្ឆ័ន្ទ​។​

 

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​១២ ខែតុលា​នេះ នឹង​ពិនិត្យ​លើ​សំណើសុំ​វិសោធនកម្ម​ចំនួន​៤ ដែល​កំណត់​ពី​ការបែងចែក​អាសនៈ​របស់​គណបក្ស​ក្រោយពី​រំលាយ​ទៅ​ឲ្យ​គណបក្ស​ដែលមាន​កូតា​បន្ទាប់ តាម​ការស្នើ​របស់​តំណាងរាស្ដ្រ​៤៩​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោក ជាម យៀប និង​លោក ប៉ែន បញ្ញា​។ លោក​បាន​បន្ថែមថា ច្បាប់​ដែល​គ្រោង​ធ្វើការ​កែប្រែ​ខ្លឹមសារ​នេះ​មាន ៖ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​

 

​លោក បាន​បញ្ជាក់ថា បើទោះជា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម ក៏​គង់​វិសោធនកម្ម​នៃ​ច្បាប់​ទាំងនេះ​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា ក្នុង​សំឡេង​ភាគច្រើន​។​

 

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ប៉ែន បញ្ញា និង​លោក ជាម យៀប តំណាង​ក្រុមតំណាងរាស្ត្រ​ខ​ហត្ថលេខី បាន​ឲ្យ​ដឹងថា សំណើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​ដើម្បី​ឲ្យ​មាន​ភាពស្របគ្នា​ជាមួយនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ សំដៅ​ធានា​នូវ​ស្ថិរភាព​នយោបាយ និង​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តែប៉ុណ្ណោះ​។​

 

​ទោះជា​យ៉ាងនេះ​ក្តី លោក អេង ឆៃអ៊ាង សមាជិក​គណៈកម្មាការ​អចិន្ត្រៃយ៍​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា វិសោធនកម្ម​នៃ​ច្បាប់​ទាំង​បួន​នេះ គឺ​ក្នុង​បំណង​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ តាម​រូបមន្ត​សមាមាត្រ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន​ខាងលើ​។​

 

​គួររំឭកថា ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ បានដាក់​ពាក្យបណ្តឹង​ទៅ តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទថា ប្រធាន​គណបក្ស​នេះ គឺ ឯកឧត្តម កឹម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស និង​ជំរុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល ដែល​រំលោភច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

 

​យោងតាម​មាត្រា​១៣៨​ស្ទួន នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ បាន​កំណត់ថា ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ ប្រកាស​បោះបង់ចោល​អាសនៈ ឬ​ត្រូវ​លប់ឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ នៃ​គណបក្សនយោបាយ​នោះ លែងមាន​សុពលភាព និង​លែងមាន​គុណសម្បត្តិ​ទៅទៀត​ហើយ​។​

 

​ក្នុងករណីនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​យក​ចំនួន​អាសនៈ​នៅក្នុង​សភា របស់​គណបក្សនយោបាយ​ដែល​ត្រូវបាន​រំលាយ​ចេញ ទៅ​ឲ្យ​គណបក្ស​នានា​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត យ៉ាងយូរបំផុត​ត្រឹម​រយៈពេល​៧​ថ្ងៃ​៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published