មន្ត្រីរាជការ​ម្នាក់​ប្តឹង​អតីត​ចៅហ្វាយក្រុង​ភ្នំពេញ​រឿង​សាងសង់ «​ខុន​ដូ​» បង្ក​ឲ្យ​មានការ​បាក់ស្រុត​លំនៅឋាន​កំពុង​រស់នៅ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មន្ត្រីរាជការ​ម្នាក់​មាន​វ័យ​៥៧​ឆ្នាំ​បម្រើការ​ក្នុង​ក្រសួងពាណិជ្ជកម្ម សព្វថ្ងៃ​រស់នៅ​ផ្ទះ​លេខ​២៥៣ ផ្លូវ លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​បាន​ប្តឹង​ម្ចាស់​ខុន​ដូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​សាងសង់​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់​បណ្តាល​ប្រេះ​បាក់ស្រុត​ផ្ទះ​របស់គាត់​ហើយ​មិន​ទទួលខុសត្រូវ​។ ក្នុង​ពាក្យបណ្តឹង​នោះ គឺ​បានដាក់​ប្តឹងទៅ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឲ្យ​ជួយ​អន្តរាគមន៍​។​

​នៅលើ​បណ្តឹង​នោះ​មាន​ចំណារ​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ចារ​នៅលើ​ពាក្យបណ្តឹង​ភាគី​រងគ្រោះ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ ចុះ​ត្រួតពិនិត្យ​អញ្ជើញ​ខាង​ភាគី​ក្រុមហ៊ុន​សាងសង់​មក​ទទួលខុសត្រូវ​និង​ផ្អាក​ការសាងសង់ និង​ធ្វើការ​សម្រុះសម្រួល ជាមួយ​ភាគី​រងគ្រោះ​។ ប៉ុន្តែ​ម្ចាស់​អគារ​ខាងលើនេះ​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​ជូន​ភាគី​រងគ្រោះ​ឡើយ​មកដល់នឹង​ពេលនេះ​។​

 

​លោកស្រី កែវ ណា​ទី អាយុ​៥៧​ឆ្នាំមាន​ទីលំនៅ​ខាងលើ​បានដាក់​ពាក្យ​ប្តឹងទៅ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ចុះ​ថ្ងៃទី​១៣ ខែមិថុនា​ឆ្នាំ​២០១៧​។ នៅក្នុង​កម្មវត្ថុ​នៃ​ពាក្យ​ប្តឹង​អ្នកស្រី បាន​បញ្ជាក់ថា​សំណើសុំ​ប្តឹង​លោក ប៉ា សុជាតិ​វង្ស និង​ប្រពន្ធ​អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ម្ចាស់​ដីឡូត៍​លេខ​៤៨ នៅជាប់ ផ្លូវ​លេខ​១១១ ទល់​ខ្នង​ដីឡូត៍​ផ្ទះ​របស់​នាង​ខ្ញុំ​ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​បាន សាងសង់​អគារ​កម្ពស់​១៩​ជាន់ លាតសន្ធឹង​ទទឹង​ប្រវែង​៥០​ម៉ែត្រ​បង្កឱ្យមាន​ការបា​ក់​ស្រុត​ពិ​ដាន​ផ្ទះ​របស់លោក​ស្រី​និង សសរផ្ទះ​នីមួយៗ​បែកបាក់​ប្រេះស្រាំ ជាច្រើន​កំណាត់​ទាំងស្រុង​ជា​បន្តបន្ទាប់​មិនអាច​ជុស​ជួល​បានដែ​លអាច​បង្កឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ។​

​អ្នកស្រី​បានបញ្ជាក់​នៅក្នុង​បណ្តឹង​ទៀតថា​«​លោក ប៉ា សុជាតិ​វង្ស និង អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ដែលជា​ម្ចាស់​ដីឡូត៍​កំពុង​សាងសង់​ដែល​គាត់​បាន​ជួល​ក្រុមហ៊ុន​ធានារ៉ាប់រង​សងការ​បាក់ស្រុត​ផ្ទះ ការខូចខាត​ការពិនិត្យ​វាយតម្លៃ​។ ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​នោះ​ឆ្លើយតប​ពុំ​សមស្រប​ទៅនឹង​ការខូចខាត​ការបាត់​ស្រុត​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅវិញ​។​នាង​ខ្ញុំ​សុំ​ផ្អាក​ការសាងសង់​អគារ​កម្ពស់​១៩​ជាន់​ជាបន្ទាន់​សិន​ដើម្បីឱ្យ​ម្ចាស់​សំណង់​ធ្វើ​ការសង​ជាមុនសិន​ព្រោះ​ផ្ទះ​របស់ នាង​ខ្ញុំ​មានការ​បាក់ស្រុត​ទាំងស្រុង​អស់ ហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមគ្រួសារ​នាង​ខ្ញុំ​មានការ​ភ័យខ្លាច ពុំ​ហ៊ាន​រស់នៅ​ទៀត​ទេ​។ នាង​ខ្ញុំ​សុំឱ្យ​សងផ្ទះ​ទាំងមូល​ដូចដើម​វិញ​»​។​

 

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ អគ្គនាយកដ្ឋាន​សំណង់ បានចេញ​លិខិត​លេខ ០០៩ អ​.​ស​. ណ​/ ន​.​ស​.​ណ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧​បាន​ផ្អាក​ការដ្ឋាន​ហើយ​ជម្រាប​មក​អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ជា​ម្ចាស់​ដែលមាន​ទីតាំង​ស្ថិតនៅលើ​ដីឡូត៍​មាន​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ ភព ១៣៦៧៥ ផ្លូវ​លេខ​២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដែល​កំពុងដំណើរការ​សាងសង់​ដោយ​គ្មាន លិខិតអនុញ្ញាត​បើក​ការដ្ឋាន​និង​មាន​ពាក្យបណ្តឹង​ពី​អ្នកជិតខាង​។​

 

​នៅក្នុង​លិខិត​របស់​ក្រសួង​ចុះហត្ថលេខា​ដោយ​លោក ហ៊ុយ ណា​រ៉ា អគ្គនាយកដ្ឋាន​សំណង់ បាន​បញ្ជាក់ថា «​ការដ្ឋាន​សំណង់​របស់​អ្នកស្រី​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​នេះ​តទៅ​។ ក្នុងករណី ការដ្ឋាន​របស់​អ្នកស្រី​មិនបាន​ផ្អាក​ជាបន្ទាន់​នោះទេ អ្នកស្រី​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​»​។​

​ទោះបី​ក្រសួង​បានចេញ​លិខិត​ផ្អាក ការសាងសង់​សំណង់​ខាងលើនេះ ក៏ដោយ​ក៏​អគារ​ខុន​ដូ​នេះ​នៅតែ​ដំណើរការ​រាល់​ថ្ងៃជា​ដដែល​។ ចំណែក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៍​ពុំ​ឃើញ​មាន​វិធាន ការ​ណាមួយ​ទៅ​បញ្ឈប់​សកម្មភាព​សំណង់​ខុសច្បាប់​នោះបាន​ដែរ តាំងពី​ចេញ​លិខិត​ឱ្យ​ផ្អាក​ការសាងសង់​មក​។​

 

​លោកស្រី កែវ ណា​ទី អាយុ​៥៧​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកស្រី​ទាមទារ​សំណង​ឱ្យ​ម្ចាស់​ខុន​ដូ​ខាងលើ​សង់ផ្ទះ​ជូន​គាត់​ដូចដើម​វិញ​។ ពីព្រោះ​ផ្ទះ​របស់គាត់​បាន​បាក់ស្រុត​ទាំងស្រុង​ទៅហើយ​រាល់ថ្ងៃ​ហុយ​ស៊ីម៉ង់ត៍​ចូល​ផ្ទះ​ពេញៗ​បន្ទាប់​ធ្លាក់​ជ្រុះ​ដុំថ្ម​ចំ​ដំបូលផ្ទះ​ធ្លុះធ្លាយ​និង​មាន​បង្ហូរទឹក​ពីលើ​អគារ​កម្ពស់​១៩​ជាន់​ចូល​ពេញៗ​ក្នុងផ្ទះ​របស់គាត់​បណ្តា​ល​ឱ្យ​លិច​ពិបាក​ទ្រាំ​រស់នៅ​ជាទីបំផុត​។​

 

​ដោយបាន​មើលឃើញ​ចំណាត់ការ​ក្រសួង​ជំនាញ​ឱ្យ​ផ្អាក​គ្មាន​ប្រសិទ្ធភាព​គ្មាន​ដំណោះស្រាយ​អ្វី​សោះ​នោះ​និង​ថែមទាំង​មិន​ខ្លាច​ក្រសួង​ផង​នៃ​ម្ចាស់​អគារ​ខុន​ដូ អ្នកស្រី​បាន​សំណូមពរ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមជួយ​រក​យុត្តិធម៌​ឱ្យ​កូនចៅ ជា​មន្ត្រីរាជការ ទន់ខ្សោយ​ផង​។ អ្នកស្រី​គិតថា​នេះ​ជា​ជម្រើស​ចុងក្រោយ​របស់គាត់​ហើយក៏​មានតែ​សម្តេច​ទាំង​ទ្វេ​តែប៉ុណ្ណោះ​ដែល​ជួយ​ក្រុមគ្រួសារ​របស់​អ្នកស្រី​ឱ្យ​រួចផុត​ទុក្ខលំបាក​រាល់ថ្ងៃនេះ​បាន​។​

​អ្នកស្រី តៅ ម​ន្ថា ចៅសង្កាត់​បឹង​ព្រលឹត​បាន​ប្រាប់ថា រឿងនេះ​ហួស​សមត្ថភាព​ខ្ញុំ​។ ព្រោះ​ខ្ញុំ​មិនអាច ដោះស្រាយ​បានទេ​។ ខាង​ក្រុមប្រឹក្សា​សង្កាត់​របស់​អ្នកស្រី​ធ្លាប់បាន​ចុះទៅ​ត្រួត​ពិនិត្យមើល​កន្លងមក​មានទឹក​ហូរ​ចូលក្នុង​ផ្ទះ​គាត់​នោះ​មែន តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ទេ ព្រោះ​យើង​តូចតាច​ជា​កូនចៅ​របស់គេ​។​

 

​លោក ប៉ា សុជាតិ​វង្ស និង​អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ដែល​ម្ចាស់​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់​ដែល​បង្ករ​បញ្ហា​ដល់​អ្នក​ក្បែរ​ខាង​នោះ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​ករណី​ខាងលើនេះ​៕

 

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published