សមត្ថកិច្ចចម្រុះ ឆ្មក់ចាប់រថយន្តដឹកឈើរបស់ លោក សេង កុសល បញ្ជាការរង កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ គ្រោងលោតឆ័ត្រទៅវៀតណាម

, , Leave a comment

ខេត្តរតនគិរី​ ៖ កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០១៧ កម្លាំងចម្រុះបានឆ្មក់ចាប់ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដែល​គេ​ស្គាល់​ថា ជា​កម្ម​សិទ្ធ​របស់លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ គ្រា​ដែល​រថយន្ត​នោះ​ ​ដឹកឈើ​ធ្នង់​គ្រោង​លោតឆ័ត្រ​ទៅកាន់​ប្រទេស​វៀតណាម​។​

មន្ត្រីសមត្ថកិច្ចប្រាប់ថា វេលាខាងលើ កម្លាំងយោធាខេត្ត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវបានប្រដេញចាប់រថយន្ត​កាមរី​បា​ឡែ​ន​ពាក់ ស្លាកលេខ ភ្នំពេញ2I-8827 ដឹកឈើធ្នង់ពេញរថយន្ត ​នៅ​ចំណុច​ក្បែរ​បន្ទាយ​វរ​នគរបាលការពារ​ព្រំដែន​លេខ​៦២៣​ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់ លោក សេង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដែលមានមុខ របរបន្ថែម ជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងទៅលក់នៅស្រុកយួនយ៉ាងដុះស្លែ។

​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ប្រាប់អ្នកកាសែតក្នុងស្រុកថា ​​រថយន្ត​ដែល​សមត្ថកិច្ច​ចាប់បាន ​ពិតជា​របស់លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​មែន​។ហើយលោក​ បាន​ ស្ដីបន្ទោស ​ឲ្យ​ច្រើន​ទៅកាន់​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក រូបនោះ​។​

​លោក ឡេង យុក នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​បាន​ថ្លែងថា រថយន្ត​ ​និង​ឈើ​ទាំងនោះ ត្រូវបាន​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ហើយ​​ដោយ​ពុំទាន់​ធ្វើការ​រាប់​ឲ្យ​ដឹង​ចំនួន​ឈើ​នៅឡើយ​ទេ​។

 

ប្រភពពី​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​នៅតែ​បន្ត​កើតឡើង ​យ៉ាង​ពេញបន្ទុក​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង រថយន្ត​កាមរី​បា​ឡែ​ន រថយន្ត​ឡិច​ស៊ី​ស និង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​ រាប់ សិប​គ្រឿង ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ ​អូរ​យ៉ា​ដាវក្រោមការគ្រប់គ្រងដោយលោក អ៊ី ចំរើន  ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថ កិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅលើ​ដងផ្លូវ​ជាច្រើន​ស្ថាប័ន ​ត្រូវបាន​គេ​ដឹងថា​ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូនដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវបាន​មជ្ឈដ្ឋាន​នានា ​រិះគន់ថា គ្មាន​វិធានការ​ច្បាស់លាស់ ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះឡើយ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published