ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​និវត្តន៍​មកដល់ មាតុប្រទេស​វិញ​ប្រកបដោយ​ព្រះ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​បាន​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​មួយរយៈ នៅឯ​រា​ធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេចយាង​និវត្តន៍​មកដល់​មាតុភូមិ​វិញ​ហើយ ប្រកបដោយ​ព្រះ​សុវត្ថិភាព តាម​ព្រះទីនាំង​យន្តហោះ​ពិសេស នា​រសៀល​ថ្ងៃទី ៤ ខែតុលា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

​យាង និង​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះអង្គ​ទាំង​ទ្វេ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ មាន​វត្តមាន សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​វិបុល​សេនា​ភក្ដី សាយឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ឯកឧត្ដម​លោកជំទាវ ជា​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ រាជវង្សានុវង្ស និង​មន្ត្រី​អ្នក​មុខ​អ្ន​ការ​មួយចំនួនទៀត​។ ដោយឡែក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា ក៏មាន​វត្តមាន​ក្នុងឱកាស​នោះ​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេចយាង​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ទៅកាន់​រាជធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព នៅ​ទីនោះ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published