បែកធ្លាយលោកឧត្តមសេនីយ៏ទោ សែម សុភ័ណ្ឌ ព្រលែង កូនចៅឈ្មោះ សំ ពិសី ទៅទារប្រាក់ពីពលរដ្ឋ និងអ្នករកស៊ី នៅខេត្តតាកែវ ប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋ និងរដ្ឋាភិបាល

, , Leave a comment

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានអោយដឹងថា មន្ដ្រីនគរបាលជាន់ខ្ពស់ខេត្តតាកែវ បានបញ្ចេញប្រតិកម្ម ចំពោះសកម្មភាពនគរបាលមួយក្រុម មក ពីក្រសួងមហាផ្ទៃ គឺនៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានទៅជំរិតទារប្រាក់ពីប្រជាពលរដ្ឋនៅអ្នករកស៊ី នៅក្នុងមូលដ្ឋាន របស់ខេត្តតាកែវ ដែលធ្វើហួសពីភារកិច្ច នៅក្នុងលិខិតបេសកកម្មរបស់ខ្លួន។

 

មន្ដ្រីនគរបាលខេត្តតាកែវ បានចាត់ទុកថា សកម្មភាពរបស់ពួកគេអាចធ្វើឲ្យប៉ះពាល់យ៉ាងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ អ្នករកស៊ី និងរដ្ឋាភិបាលទៀត ផង។

លោក ជា សុផាត អធិការនគរបាលស្រុកកោះអណ្ដែត បានផ្ញើរបាយការណ៍ ជូនទៅស្នងការនគរបាលខេត្ត ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ លោកឧត្តមសេនីយ៍ផ្កាយ១ សំ ពិសី អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងសហការី ដែលបានចុះទៅសុំប្រាក់ ពីអ្នករកស៊ីកែច្នៃគ្រឿងសង្ហារឹម ស្ថិតនៅឃុំមេញ ចំនួន៥០ម៉ឺនរៀល។លោក គង់ សំអូន ស្នងការរងនគរបាលខេត្តតាកែវ បានចាត់ទុកថា សកម្មភាពរបស់ពួកគេពិតជាហួសហេតុ និងធ្វើខុស ពីខ្លឹមសារនៅក្នុងលិខិតបង្គាប់ការ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋអ្នករកស៊ី និងមុខមាត់រដ្ឋាភិបាលតែម្ដង។

 

គួររំលឹកថា  យោងតាមលិខិតបង្គាប់ការ របស់នាយឧត្តមសេនីយ៍ ឌុល គឿន បានចាត់តាំងលោកឧត្តមសេនីយ៍ទោ សោម សោភ័ណ ទីប្រឹក្សាសម្ដេចក្រឡា ហោម ស ខេង ជាប្រធាន និងលោកឧត្តមសេនីយ៍ត្រី សំ ពិសី ជាអនុប្រធាន ឲ្យទៅបំពេញបេសកកម្មការងារ របស់គណៈកម្មការស្ដីពីវិធានការណ៍ បង្កើនប្រសិទ្ធភាពក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាង សង់សំណង់និងប៉ុស្ដិ៍អាណាធិបតេយ្យនានានៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌល គិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និងខេត្តតាកែវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រួមជាមួយ មន្ដ្រីជំនាញ១៤រូប អមដោយរថយន្ដ៥គ្រឿង និងអាវុធ១១ដើម។ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានធ្វើហួសពីតួនាទី និងភារកិច្ច ដោយបានជំរិតទារលុយ ពីអ្នករកស៊ីដឹកទំនិញ ពីព្រំដែន និងបានដើរជំរិតទារលុយ ពីបងប្អូនប្រជាពលរដ្ឋ បើករបបរកស៊ីបន្តិចបន្តួច ហើយឥឡូវនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាដាក់ពាក្យបណ្ដឹងមកកាន់អធិការដ្ឋាននគបាល ស្រុកកោះអណ្ដែត និងស្រុកទ្រាំងផង ដែរ។

 

ជាសំណូមពរ ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជួយពិនិត្យមើលសកម្មភាពមន្រ្តីទាំងអស់ក្រោមបញ្ជាលោកឧត្តមសេនីយ៏ទោ សែម សុភ័ណ្ឌ ជាប្រធាន និងលោកឧត្តមសេនីយ៍ត្រី សំ ពិសី ជាអនុប្រធានគណះកម្មការ ៕

ករណីខាងលើ មិនអាចទទួលការបំភ្លឺពីលោកឧត្តមសេនីយ៏ទោ សែម សុភ័ណ្ឌ និងលោកឧត្តមសេនីយ៍ត្រី សំ ពិសី បាននៅឡើយទេ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published