កូនប្រុស​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហែម ថេ​ង ប្រើប្រាស់​តួនាទី​ខ្លួន និង​អំណាច​ឪ ឃុបឃិត​ជាមួយ​ព្រះសង្ឃ បោក​យកលុយ​ជនរងគ្រោះ វេច​សំពាយ​រត់​

, , Leave a comment

​ខេត្តកំពង់ចាម : បន្ទាប់ពី​ព្រះ​តេជគុណ ព្រះនាម សេង សារី វិញ ក៏បាន​ផ្ញើ​សារ​ចូល​ទំព័រ Facebook Page របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដោយមាន​ខ្លឹមសារ​ថា «​លោក ហែម ចរិយា ដែលជា​មន្ដ្រីនគរបាល​ជាតិ​ផ្នែក​អន្ដោប្រវេសន៍ ដែរ​ជា​កូន​របស់​ឯកឧត្តម ហែម ថេ​ង មក​បោកប្រាស់​អាស​ត្មា​ភាព​ឲ្យ​រកម​នុស្ស​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ដោយ​យក​តួនាទី​ខ្លួន និង​តួនាទី​របស់​ឪពុក​មក​អះអាង ទឹកប្រាក់​ដែរ​លោក ហែម ចរិយា បោក​យកទៅ​ចំនួន​១៤០,០០០​ដុល្លារ ក្នុងនោះ​មាន​ទាំង​ព្រះសង្ឃ កូនសិស្ស​ទាំងអស់​៣១​អង្គ​/​នាក់​។ មនុស្ស​ដែរ​អាត្មា​រក​ឲ្យ​លោក ហែម ចរិយា ឥលូវ​នេះ​គេ​ប្ដឹង​អាត្មាភាព អាត្មាភាព​មិនដឹង​ធ្វើយ៉ាងណា​ម៉េច​ទេ​»​។​

 

​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហែម ថេ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដែលមាន​ឈ្មោះ ហែម ចរិយា តួនាទី​ជា​ជំនួយការ​ផ្ទាល់​ឪពុក​របស់ខ្លួន និង​ជា​អនុប្រធាននាយកដ្ឋាន​ផង​នោះ ត្រូវបាន​តុលាការខេត្ត​កំពង់ចាម ចេញ​ដីកា​បញ្ជា​ឲ្យ​កងកម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​៣១​នាក់ រួមទាំង​ព្រះសង្ឃ​ផងដែរ ចោទប្រកាន់​ស៊ីដាច់​លុយ​រហូត​ជាង​១៤​ម៉ឺន​ដុល្លារ រឿង​រត់​ការចូល​ក្របខ័ណ្ឌ​នគរបាលជាតិ​។​

 

​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក ហែម ចរិយា មាន​អត្តលេខ​៦៦៥០៧ ជា​ជំនួយការ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​ប្រាក់​ចំនួន​១៤០,២៦៧​ដុល្លារ កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៧ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។​

 

​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​មួយ​នេះ ព្រះសង្ឃ​មួយអង្គ​ព្រះនាម សេង សារី គង់នៅ​វត្ត​នគរ​បា​ជ័យ ភូមិ​អំពើ​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ព្រះកាយ រហូត​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ដោយសារតែ​ព្រះសង្ឃ​ជា​អ្នកដើរ​ប្រមូល​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ដោយ​ម្នា​ក់បាន​ចំណាយ​ទឹកប្រាក់​ចាប់ពី​១,០០០​ដុល្លារ រហូត​ទៅដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ក៏មាន​។​

 

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល បាន​ប្រាប់ថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ថា ព្រះ​តេជគុណ សេង សារី និង​លោក ហែម ចរិយា បាន​បោកប្រាស់​ប្រជាពលរដ្ឋ​ចំនួន​៣១​នាក់​នោះ ឲ្យ​ចូល​បម្រើការ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​នោះ កម្លាំង​ជំនាញ​របស់លោក​ក៏បាន​ឃាត់ខ្លួន​ព្រះសង្ឃ យកមក​នាំ​សួរ​ផងដែរ​។​

 

​លោកស្នងការ​បញ្ជាក់ថា «​តុលា​ការចេញ​ដីកា​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន ហែម ចរិយា ដីកា​យើង​មាននៅ​ក្នុង​ដៃ​ហើយ ដែល​ស្ថិតក្រោម​ការបញ្ជា​ណែនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​កំពុងតែបន្ដ​ចាត់ការ​»​។​

 

​តាម​ប្រភពពី​មន្ដ្រីនគរបាល​ជាន់ខ្ពស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​បាន​ឲ្យ​ដឹងថា ហែម ចរិយា ពិតជា​មន្ដ្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ពិតមែន ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ បាន​រត់គេចខ្លួន​បាត់​ហើយ​។ ជាមួយគ្នានេះ​ករណី​ខាងលើ មិនបាន​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​នោះឡើយ គឺជា​រឿង​បុគ្គល​សុទ្ធសាទ ហើយ​សម្រាប់​ឆ្នាំ​២០១៦-២០១៧​នេះ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​មិនមាន​គោលការណ៍ រើស​មន្ដ្រីនគរបាល​ថ្មី​ចូល​បន្ថែម​ទៀតឡើយ​។​

 

​មន្ដ្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បាន​បន្ដទៀតថា ក្រោយ​រឿង​ករណីនេះ​កើតឡើង អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​សហការ​ជាមួយ​ស្ថាប័ន​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ តាម​នីតិវិធី​ច្បាប់ ពុំមាន​ការលើកលែង និង​អត់ឱន​ឲ្យ​នោះឡើយ​។​

 

​ពាក់ព័ន្ធ​នឹង​ករណីនេះ ដោយសារ​ព្រះ​តេជគុណ សេង សារី ជា​អ្នក​ជួយ​រកម​នុស្ស និង​យកលុយ​ពី​ពលរដ្ឋ​ទៅ​ឲ្យ​ឈ្មោះ ហែម ចរិយា ដើម្បី​រត់ការ​នោះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង​ផងដែរ​៕

 

លោកឧត្តសេនីយ៍ផ្កាយ៣ ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

លោក ហែម ចរិយា កូនប្រុសលោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង ដែលពលរដ្ឋប្តឹង

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published